ភ្នំពេញៈ ដើម្បីទាក់ទាញ កំណើនភ្ញៀវទេសចរចិន ឲ្យបាន២លាននាក់ នៅឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ បានស្នើ ឲ្យមហាអំណាចចិន ជួយបង្កើនការវិនិយោគ លើវិស័យទេសចរណ៍ ក៏ដូចជាជំរុញឲ្យ មានការហោះត្រង់មកកម្ពុជា បន្ថែមទៀតឲ្យ មានភាព ងាយស្រួល និងឆាប់រហ័ស នៃដំណើរកម្សាន្ត របស់ភ្ញៀវមកកម្ពុជា។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កម្ពុជា បានលើកឡើង នូវសំណើរនេះ ក្នុងសន្និសីទអន្តរជាតិ ចិនលើកទី៣ ស្ដីពីវិនិយោគ វិស័យទេសចរណ៍ និងវប្បធម៌ នាទីក្រុងគុនមីង ខេត្តយូណានប្រទេសចិន កាលពីចុងសប្តាហ៍ទី២នេះ ដោយក្នុងនោះដែរ លោករដ្ឋមន្រ្តី បានគូស បញ្ជាក់ថា «ផលិតផលទេសចរណ៍ថ្មី សម្បូរបែប និងមានភាពទាក់ទាញ គឺជាយុទ្ធសាស្រ្ត ក្នុងការផ្សព្វផ្សាយ ដល់ភ្ញៀវទេសចរ»។
ក្នុងនាមរាជរដ្ឋាភិបាល កម្ពុជា លោក ថោង ខុន បានស្នើឲ្យ រដ្ឋាភិបាលចិន ជំរុញបង្កើនការវិនិយោគ លើផលិតផលទេសចរណ៍ថ្មីៗឲ្យ បានច្រើនបន្ថែម ព្រោះកម្ពុជា ត្រូវការ ផលិតផលទាំងនោះ ដើម្បីទាក់ទាញទេសចរ ទាំងនៅតំបន់សៀមរាបអង្គរ ទីក្រុងភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងតំបន់ អេកូទេសចរណ៍។
លោករដ្ឋមន្រ្តី ក៏បានសំណូមពរឲ្យរដ្ឋាភិបាល ចិន បន្ថែមជើងហោះហើរ ត្រង់តភ្ជាប់ពីចិនមកកម្ពុជា ពិសេសគឺខេត្ត យូណាននេះតែម្ដង ដើម្បី រួមចំណែក ជំរុញលំហូរ ទេសចរចិន ឲ្យកាន់តែច្រើនថែមទៀត។
ជាមួយគ្នានេះកម្ពុជា ក៏បានត្រៀមខ្លួន រួចជាស្រេច ក្នុងការទទួលស្វាគមន៍ និងផ្ដល់ភាពកក់ក្ដៅ ជូនទេសចរចិនដោយ លោករដ្ឋមន្រ្តី បានបញ្ជាក់ពី យុទ្ធសាស្រ្តជាច្រើន ប្រាប់ដល់អង្គសន្និសីទទាំងមូល តួយ៉ាងយុទ្ធនាការ China Ready ជាដើម ហើយអ្វីដែលពិសេសជាងនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ គោលនយោបាយ ផ្ដល់ទិដ្ឋការ ដល់ភ្ញៀវទេសចរ ទាំងអស់រយៈ១ឆ្នាំ, ២ឆ្នាំ, ៣ឆ្នាំ ដែលការងារនេះ នឹងចាប់ផ្ដើមធ្វើឡើង នៅខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ។
គួររំលឹកថា គិតត្រឹមឆមាសទី១ ឆ្នាំ២០១៦នេះ ភ្ញៀវទេសចរចិន បានមក ទស្សនាកម្ពុជា មានចំនួន៣៨០,០០០នាក់ កើនឡើង១៣ភាគរយ បើធៀបនឹង រយៈពេលដូចគ្នា នៅឆ្នាំ២០១៥ ហើយកម្ពុជាសង្ឃឹមថា នឹងទទួលបាន ភ្ញៀវទេសចរ ចិន ប្រមាណ៩០ម៉ឺននាក់ ក្នុងឆ្នាំ២០១៦នេះ៕
មតិយោបល់