ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ជិះកង់ទៅលួចយកកាបូបលុយ

ភ្នំពេញ: យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី លួចយកកាបូបលុយ នៅចំណុចស្ថានីយ៍ប្រេង CalTex ផ្លូវជាតិលេខ១ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះជា សុខជាតិ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ហែម សុងហេង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

មុនពេលកើតហេតុជនរងគ្រោះ និងប្រពន្ធបើករថយន្តទុកនៅក្នុងស្ថានីយ៍ប្រេង CalTex (ចំណុចកើតហេតុ) ដោយពុំបានចាក់សោទ្វាររថយន្ត រួចនាំគ្នាទៅទិញផ្លែធុរេននៅក្បែរនោះ ស្រាប់តែមានជនសង្ស័យចំនួន ០២នាក់ ឈ្មោះហែម សុងហេង និងឈ្មោះរុក ជិះកង់០១គ្រឿងមកឈប់ក្បែរ រួចនាំគ្នាបើកទ្វាររថយន្តលួចយកកាបូបជនរងគ្រោះ។

លុះដល់ម៉ោង១៧:៣០នាទី ថ្ងៃដដែល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហែម សុងហេង នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន៖ កង់០១គ្រឿង (ជិះធ្វើសកម្មភាព) និងខ្សែកចំនួន២ខ្សែខាងលើ (របស់ជនរងគ្រោះ)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់