ព័ត៌មានជាតិ

ជនសង្ស័យ​​០២​នាក់​ ​ធ្វើ​សកម្មភាព​លួច​កាបូប​លុយ​ មាន​មាស​និង​ប្រាក់ ត្រូវឃាត់ខ្លួនបានម្នាក់

​ភ្នំពេញ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​០២​នាក់​ ដែល​ធ្វើ​សកម្មភាព​លួច​កាបូប​លុយ​មាន​មាស​ និង​ប្រាក់​ជា​ច្រើន​ពី​ក្នុង​រថយន្ត​របស់​ជន​រង​គ្រោះ​០២​នាក់​ប្តី​ប្រពន្ធ​ ដែល​ចត​រថយន្ត​ចោល​ដាក់​កាបូប​ក្នុង​រថយន្ត​នៅ​ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ចាប់ខ្លួន​ជនសង្ស័យម្នាក់​ ចំណែកម្នាក់​ទៀត​គេចខ្លួន​បាត់​ ។​

​បើ​តាម​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ឱ្យ​ដឹង​ថា​ នៅ​ស្ថានីយ​ប្រេង​ CalTex​ ផ្លូវជាតិ​លេខ​១​ ភូមិ​ដើម​អំពិល​ សង្កាត់​ច្បារ​ អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​ នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២១​ ម៉ោង​០១​រសៀល​ ជន​រង​គ្រោះ​ឈ្មោះ​ ជា​ សុខ​ជាតិ​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ និង​ប្រពន្ធ​ រស់នៅ​ភូមិ​អង្គរ​ជ័យ​ ឃុំ​បន្ទាយដែក​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ បាន​បើករថយន្ត​ម៉ាក​ Lexus​ RX-៣០០​ មក​ចត​នៅ​ក្នុង​ស្ថានីយ​ប្រេង​ CalTex​ ខាងលើ​ ពុំ​បាន​ចាក់សោ​ទ្វារ​រថយន្ត​នោះ​ទេ​ រួច​នាំ​គ្នា​ទៅ​ទិញ​ផ្លែ​ធុ​រ៉េ​ន​នៅ​ក្បែរ​នោះ​ ស្រាប់តែ​មាន​ជនសង្ស័យ​០២​នាក់​ ឈ្មោះ​ ហែម​ សុង​ហេង​ និង​ឈ្មោះ​ រុក​ ជិះ​កង់​០១​គ្រឿង​ ពណ៌​ទឹកប្រាក់​មក​ឈប់​ក្បែរ​រថយន្ត​ រួច​នាំ​គ្នា​បើកទ្វារ​រថយន្ត​លួច​យក​កាបូប​លុយ​ជន​រង​គ្រោះ​ចេញ​ទៅ​បាត់​ ដោយ​ក្នុង​កាបូប​មាន​៖​ ខ្សែ​ក​មាស​ ១​ខ្សែ​ មាន​បណ្តោង​រូប​ផ្កា​ ទម្ងន់​២​តម្លឹង​,​ ខ្សែ​ក​ប្លា​ទី​ន​ ១​ខ្សែ​ មាន​បណ្តោង​រូប​មាន់​ ទម្ងន់​ ១​តម្លឹង​,​ លុយ​ខ្មែរ​ ១,៣៥០,០០០​រៀល​,​ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ០១​សន្លឹក​ និង​ទូរ​ស័ព្ទ​ដៃ​០១​គ្រឿង​ ម៉ាក​ Samsung​ Note-៨​ ពណ៌​ខ្មៅ​ ហើយ​ នាំ​គ្នា​ជិះ​កង់​គេចខ្លួន​។​

​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​បាត់​កាបូប​លុយ​នោះ​ហើយ​ ជន​រង​គ្រោះ​បាន​មក​ប្តឹង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ លុះដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ដដែល​ នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ហែម​ សុង​ហេង​ នៅ​ចំណុច​ភូមិ​ដើម​ស្លែង​ សង្កាត់​ ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ ដកហូត​បាន​វត្ថុ​តាង​កង់​០១​គ្រឿង​ (​ជិះ​ធ្វើ​សកម្មភាព​)​ និង​ខ្សែ​ក​ចំនួន​២​ខ្សែ​ខាងលើ​ (​របស់​ជន​រង​គ្រោះ​)​ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ចាត់ការ​តាម​ច្បាប់​។​

​ជនសង្ស័យ​ឈ្មោះ​ ហែម​ សុង​ហេង​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ គ្មាន​មុខរបរ​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​តា​ងៅ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​។​ ចំណែក​បក្ខពួក​ជនសង្ស័យ​ម្នាក់​ទៀត​នគរ​ បាល​ខណ្ឌ​ច្បារ​អំពៅ​ កំពុង​តាម​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ ៕

មតិយោបល់