ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យនារីពីរនាក់រងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បើករថយន្តកាមរីស៊េរីទំនើប ក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូ ZoomerX ពីចំហៀងពេញទំហឹង បណ្ដាលឲ្យនារីពីរនាក់រងរបួសធ្ងន់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២០៥ កែងផ្លូវ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក Camry 2.5V ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-2789 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៤៨ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណ:មកដល់ផ្លូវបំបែកជាបួន ក៏បានបុកម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FZ-3159 ជិះដោយនារីពីរនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២០៥ ទិសដៅពីជើងទៅត្បូង ចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យម៉ូតូ និងនារីពីរនាក់ខាងលើខ្ទាតជិត១០ម៉ែត្រ រងរបួសធ្ងន់ ឯរថយន្តបង្កបានខូចខាតកាងមុខផ្នែកខាងឆ្វេង ព្រមទាំងបែកបាក់ កញ្ចក់មុខផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែង យករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

មតិយោបល់