ស្ទឹងត្រែងៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្ករឡើងដោយម៉ាកហ្សីប សេរីចាស់បានបុកជាមួយរថយន្តកូរ៉េដឹកសត្វគោ យ៉ាងពេញ ទំហឹង បណ្តាលឲ្យតៃកុងរថយន្តទាំងសងខាងម្នាក់ស្លាប់គៀបជាប់ក្នុងកាប៊ីនរថយន្ត និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យចំណែកនិងសត្វគោ២ក្បាលទៀតងាប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ២និង១៥ នាទី យប់ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៩ ត្រង់ចំណុចផ្លូវកោង ជិតភោជណីដ្ឋានយីហោសារុំ៣ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ កង ស៊ីមាន ភេទប្រុស អាយុប្រហែល៣១ឆ្នាំ ជាមេបញ្ជាការរងវរសេនាតូចលេខ១ ខេត្តស្ទឹងត្រែង ដោយមានស្រុកកំណើតនៅខេត្តកំពង់ចាម។ ចំណែកឯជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ តឹក សុផល អាយុ៤២ឆ្នាំ មុខរបរជាអ្នកស៊ីឈ្នួលដឹកសត្វគោ ក្របី ស្នាក់នៅភូមិ២ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនៈគីរី។
យោងតាមប្រភពព័ត៌មានពីតៃកុងអ្នកបើករថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខ រតនៈគីរី 3A-0048 បានប្រាប់ Post News ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឃើញរថយន្តបង្ករម៉ាក ហ្សីប ស៊េរីចាស់ កែច្នៃពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ2B-8810 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនរេពេញផ្លូវសង្ស័យស្រវឹងស្រាទិសដៅបញ្ច្រាសទិសគ្នា ខណៈពេលដែលគាត់កំពុងតែបើករថយន្តដឹកសត្វគោ ពេញទ្រុងមកពីខេត្តព្រះវិហារដើម្បីយកទៅខេត្តរតនៈគីរី លុះបានមកដល់ចំណុចកើតហេតុ ដោយឃើញសភាពមិនសូវស្រួលគាត់ក៏បានព្យាយាមបើកគេចពីរថយន្តបង្ក ប៉ុន្តែគេចមិនផុតបណ្តាលឲ្យបុកគ្នាលាន់ឭដូចរន្ទះ ធ្វើឲ្យរថយន្តទាំង២គ្រឿងបុកផ្ទប់ក្បាលគ្នារុញក្បាលរថយន្តគៀបអ្នកបើកបររថយន្តបង្កជាប់នៅខាងក្នុង រហូតស្លាប់បាត់បង់ជីវិត ចំណែកគាត់វិញរងរបួសប្រអប់ជើងយ៉ាងធ្ងន់ធ្ងរ ក្នុងនោះដែរក៏បណ្តាលឲ្យគោដែលនៅលើរថយន្តរបស់គាត់២ក្បាល ងាប់ផងដែរ ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះមកធ្វើការពិនិត្យ និងវាស់វែងដល់កន្លែងកើតហេតុ ដោយបានអន្តរាគមន៍ហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងធ្វើការគាស់យកសាកសពជនរងគ្រោះដែលស្លាប់ចេញពីក្នុងកាប៊ីនរថយន្តប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅឯខេត្តកំពង់ចាម សម្រាប់រថយន្តទាំង២គ្រឿងព្រមទាំងសត្វគោទាំង២ក្បាល វិញត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងតែ្រង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ៕
មតិយោបល់