កាលពីថ្ងៃទី ១៥ ខែកក្កដា ប្រទេសឥណ្ឌូណេស៊ីបានបង្កើតកំណត់ត្រាថ្មីមួយជាមួយនឹងចំនួនករណីឆ្លងថ្មី ៥៦ ៧៥៧នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលបានធ្វើឱ្យចំនួនអ្នកជំងឺកូវីដ-១៩ សរុបរបស់ប្រទេសនេះកើនដល់ ២ ៧២៦ ៨០៣នាក់។
នេះជាថ្ងៃទី ២ ជាប់ៗគ្នាដែលប្រទេសនេះបានចុះបញ្ជីករណីឆ្លងថ្មីជាង ៥០ ០០០នាក់ ហើយរដ្ឋាភិបាលបានរៀបចំសេណារីយ៉ូសម្រាប់ករណីឆ្លងថ្មីជាង ១០០ ០០០នាក់ក្នុងមួយថ្ងៃ។ មនុស្ស ៩៨២នាក់ទៀតបានស្លាប់ដោយសារជំងឺនេះនៅក្នុងថ្ងៃនោះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧០ ១៩២នាក់ ហើយយ៉ាងហោចណាស់មានអ្នកជំងឺចំនួន ៤៨០ ១៩៩នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ឬនៅផ្ទះ។
បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ចេញនូវកម្រិតសកម្មភាពសហគមន៍ (PPKM) នៅលើកោះចាវ៉ា និងកោះបាលីដែលមានប្រជាជនរស់នៅយ៉ាងច្រើន និងពង្រីកទៅដល់តំបន់ចំនួន ១៥ ដែលនៅជិតខាងនោះក៏ដោយ ក៏ករណីឆ្លងថ្មីនៅតែមានការកើនឡើង។ រដ្ឋមន្រ្តីក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ លោក Luhut Pandjaitan បានអះអាងថា ប្រទេសឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹង «សត្រូវផ្សេងគ្នា» ហើយវ៉ាក់សាំងមានប្រសិទ្ធភាពតិចក្នុងការប្រឆាំងនឹងទម្រង់វីរុសឌែលតា ដែលជាទម្រង់វីរុសជំងឺកូវីដ-១៩ នៃករណីឆ្លងថ្មីភាគច្រើននៅលើកោះចាវ៉ា។
រហូតមកដល់ពេលនេះ ប្រជាជនឥណ្ឌូណេស៊ីជាង ៣៩,៦លាននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទីមួយ ហើយប្រជាជន ១៥,៨លាននាក់ផ្សេងទៀតបានទទួលការវ៉ាក់សាំងដូសទី ២ ។
នាថ្ងៃដដែលនោះ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានយល់ព្រមផ្តល់ប្រាក់កម្ចីចំនួន ៥០០លានដុល្លារអាម៉េរិកសម្រាប់ការឆ្លើយតបទៅនឹងវីរុស SAR-CoV-2 ដល់ប្រទេសឥណ្ឌូណេស៊ី។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ អ្នកជំនាញប្រតិបត្តិការវិនិយោគដ៏សំខាន់របស់ធនាគារ AIIB លោក Toshiaki Keicho បាននិយាយថា ប្រាក់កម្ចីនេះនឹងត្រូវប្រើសម្រាប់សកម្មភាពសំខាន់ៗចំនួន ៣ គឺការពង្រឹងការត្រៀមខ្លួននៃប្រព័ន្ធសុខាភិបាល និងមន្ទីរពេទ្យដើម្បីដោះស្រាយភាពស្មុគស្មាញនៃស្ថានភាពជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាពិសេសសម្រាប់ស្ត្រី និងក្រុមងាយរងគ្រោះ ការលើកកំពស់សមត្ថភាពមន្ទីរពិសោធន៍សុខភាពសាធារណៈ និងបណ្តាញផ្គត់ផ្គង់ និងការគាំទ្រការប្រាស្រ័យទាក់ទងការសម្របសម្រួលការឆ្លើយតបបន្ទាន់ និងការចែកចាយវ៉ាក់សាំង។
នៅពេលមុននេះ ធនាគារ AIIB បានផ្តល់ប្រាក់កម្ចីចំនួនពីរដើម្បីជួយដល់ការឆ្លើយតបនឹងមេរោគឆ្លងនេះដល់ប្រទេសឥណ្ឌូណេស៊ី ដែលនាំឱ្យថវិកាសរុបដែលធនាគារនេះផ្តល់ដល់ប្រទេសឥណ្ឌូណេស៊ីមានចំនួន ១,៥ប៊ីលានដុល្លារអាម៉េរិក៕
មតិយោបល់