ព័ត៌មានជាតិ

រថយន្តបែនដឹកដី បុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យជ្រុលធ្លាក់ចូលប្រឡាយទឹក

ភ្នំពេញ: នៅវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តបែនដឹកដីមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យជ្រុលបុកម៉ូតូពីក្រោយពេញទំហឹង ចូលក្រោមរថយន្ដរេចង្កូតធ្លាក់ប្រឡាយទឹក សំណាងល្អម្ចាស់លោតចេញទាន់ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ គឿន ហឹន ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនក្រឡុកបេតុង ជិតនឹងកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បើតាមប្រភពព័ត៌មានពីជនរងគ្រោះនិយាយថា មុនដំបូងខ្លួនបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥០ម៉ែត្រ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមធ្យម ចេញពីធ្វើការត្រឡប់ទៅផ្ទះ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុរសស្រវឹងស្រាម្នាក់ បើករថយន្តបែនដឹកដីមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្តាំ SVR 0752 ធ្វើដំណើរស្របទិសគ្នា បានជ្រុលបុកម៉ូតូពីក្រោយពេញទំហឹង បណ្តាលឲ្យម្ចាស់ខ្ទាតទៅខាងមុខ រងរបួសស្រាល ។ រីឯម៉ូតូបានចូលក្រោមរថយន្ត អូសធ្លាក់ចូលក្នុងប្រឡាយទឹក ចំណែកម្ចាស់រថយន្តនោះវិញ បែរជាទៅបង្កហិង្សាជាមួយអ្នកភូមិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស ។

ក្រោយពេលកើតហេតុ ក៏មានអ្នកតំណាងឱ្យក្រុមហ៊ុន ចុះមកធ្វើការដោះស្រាយ ដោយភាគីខាងរថយន្តបង្កព្រមសងសំណង ទៅលើជនរងគ្រោះដើម្បីបញ្ចប់រឿង ៕

មតិយោបល់