ព័ត៌មានជាតិ

រថយន្តព្រូស បើកគេចម៉ូតូជ្រុលបុកឡាន២គ្រឿងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: រថយន្តម៉ាកព្រូសមួយគ្រឿង បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានគេចពីម៉ូតូជ្រុលចង្កូតទៅបុក ពីក្រោយរថយន្ត ម៉ាកព្រូស២គ្រឿងទៀត ចតចោលនៅមុខផ្ទះពេញទំហឹង បណ្ដាលឱ្យរងការខូចខាត ផ្នែកខាងក្រោយស្ទើរទាំងស្រុង ចំណែករថយន្តបង្ក បើកទៅមុខ រត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩ និង២០ នាទីយប់ថ្ងៃទី១៦ ខែកក្កដាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្តរងគ្រោះ២គ្រឿង ១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ (2-AY 2248) និងមួយគ្រឿងទៀត ម៉ាកព្រូសដូចគ្នា ពណ៌ផ្ទៃមេឃ ដែលពាក់ផ្លាកលេខ ភ្នំពេញ ( 2-BB 7824) ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋលក់ដូរជាប់និងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាកព្រូស២គ្រឿង បានចតចោលនៅខាងមុខផ្ទះ ស្រាប់តែមួយស្ទុះក្រោយមកគាត់ក៏បានឃើញ រថយន្តម៉ាកព្រូស១គ្រឿងទៀត ពណ៌ស ដែលមិនចាំផ្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿន បានគេចពីម៉ូតូមួយគ្រឿង រេចង្កូតទៅបុកពីក្រោយរថយន្តម៉ាកព្រូស២គ្រឿង ដែលចតចោលនៅមុខផ្ទះ រងការខូចខាត ផ្នែកខាងក្រោយយ៉ាងដំណំ ។ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចក៏ឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ភ្នំពេញថ្មី ដើម្បីងាយស្រួលឲ្យសមត្តកិច្ច ធ្វើការស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្តិភាព ដើម្បីតាមស្រាវជ្រាវរករថយន្តបង្ក យកមកដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់