(ប៉ារីស)៖ ប្រជាជនបារាំងច្រើនជាង ១០០,០០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេសដើម្បីបង្ហាញការជំទាស់ទៅនឹងផែនការរបស់ រដ្ឋាភិបាល លោកប្រធានាធិបតី ម៉ាក្រុង ដែលចង់ឲ្យកំណត់យកការចាក់វ៉ាក់សាំងបង្ការ COVID-19 គឺជាកាតព្វកិច្ចសាធារណៈទូទៅ។

រដ្ឋាភិបាល លោក ម៉ាក្រុង កាលពីថ្ងៃសោរ៍ម្សិលមិញ បានប្រកាសពីផែនការទប់ស្កាត់ការឆ្លងរាលដាល COVID-19 ចំពោះមុខការព្រួយបារម្ភពីវីរុសបម្លែងថ្មី Delta ហើយបានផែនការនេះ បុគ្គលិកសុខាភិបាលទាំងអស់នឹងតម្រូវឱ្យចាក់វ៉ាក់សាំងជាចំាបាច់ រីឯប្រជាជនបារាំងត្រូវតែមានលិខិតបញ្ជាក់តេស្ដអវិជ្ជមាន COVID-19 ឬបានចាក់វ៉ាក់សាំងពេញលេញ មុនអនុញ្ញាតឱ្យចូលទៅកាន់កន្លែងមួយនានាដូចជាភោជនីយដ្ឋាន និងរោងភាពយន្ដជាដើម។

ក្រុមបាតុករបានរិះគន់យ៉ាងខ្លាំងដោយពួកគេចាត់ទុកថាវិធានការទាំងនេះនឹងបំផ្លាញដល់សិទ្ធិសេរីភាពរបស់ពួកគេ និងអ្នកដែលមិនចង់ចាក់វ៉ាក់សាំង។ ដោយឡែក បើតាមប៉ូលិសបារាំង ក្រុមបាតុករបានប្រមូលផ្ដុំគ្នាតវ៉ានៅឯ ១៣៧ទីតាំងនៅទូទាំងប្រទេសនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដោយមានបាតុករជិត ១១៤,០០០នាក់ ចូលរួមក្នុងបាតុកម្មតវ៉ា ហើយក្នុងនោះមាន ១៨,០០០នាក់ប្រមូលផ្ដុំគ្នាតវ៉ាក្នុងទីក្រុងប៉ារីស៕
ប្រភព៖ Reuters


មតិយោបល់