ព័ត៌មានជាតិ

អាជ្ញាធរបារាំង ​សម្រេចឃុំខ្លួនបណ្តោះអាសន្ន ​ជន​ជាតិអាហ្វហ្កានីស្ថាន​ម្នាក់ ដែលគេសង្ស័យថាជា សមាជិក​ក្រុមតាលីបង់ បន្ទាប់ពី​បាន​ជម្លៀសតាមយន្តហោះ

ជនជាតិអាហ្វហ្កានីស្ថានម្នាក់ ក្នុងចំណោម៥នាក់ ដែលស្ថិតក្នុងការសង្ស័យ ត្រូវបានអាជ្ញាធរបារាំង សម្រេចឃុំខ្លួន​បណ្តោះអាសន្ន បន្ទាប់ពីជននោះ ត្រូវបាន​ទាហានបារាំង ជម្លៀសចេញពីទីក្រុងកាប៊ុល មកដល់ទឹកដីបារាំង។

យោងតាម​លិខិត​ប្រកាសរបស់​ក្រសួងមហាផ្ទៃបារាំង ជនអាហ្វហ្កានីស្ថាន​ម្នាក់ អាយុ២៦ឆ្នាំ ដែលត្រូវគេដាក់ឃុំបណ្តោះអាសន្ន​នោះ បានទទួលស្គាល់ថាខ្លួន ធ្លាប់ជាសមាជិក​របស់​ក្រុម​តាលីបង់ និងធ្លាប់​បានកាន់អាវុធ យាមច្រកចេញចូលមួយ​កន្លែងនៅក្រុង​កាប៊ុល ឲ្យ​ក្រុម​តាលីបង់ថែមទៀតផង។ ចំណែក​មនុស្ស​៤នាក់ផ្សេងទៀត ដែលស្ថិតនៅក្នុងការសង្ស័យ គឺមានជាប់ពាក់ព័ន្ធនឹងជនម្នាក់នេះ។

សូមបញ្ជាក់ថា ជនជាតិអាហ្វហ្កានីស្ថានទាំង​៥នាក់ ពេល​មកដល់​ទឹកដីបារាំងភ្លាម ត្រូវបាន ការិយាល័យ​សន្តិសុខផ្ទៃក្នុងបារាំង ចេញលិខិត​បង្គាប់ឲ្យស្ថិតនៅក្រោម​វិធានការ​តាមដាន និង​ត្រួតពិនិត្យ​រដ្ឋបាល (Micas) ដោយយោងតាមច្បាប់​ប្រឆាំងភេរវកម្ម​បារាំង។ ក៏ប៉ុន្តែជន​ម្នាក់​ក្នុងចំណោម​៥នាក់ បាន​ដើរចេញ​ក្រៅដែនបរិវេន ដែលអាជ្ញាធរបានកំណត់ អស់រយៈពេល​ប៉ុន្មាន​នាទី​ ទើបអាជ្ញាធរបារាំងបានសម្រេច​ ដាក់ជននោះ​ក្នុងការឃុំឃាំងបណ្តោះអាសន្ន។ នេះបើផ្អែក តាមការបញ្ជាក់ របស់លោក Gérald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង នៅវិទ្យុ franceinfo។

ដោយឡែក លោក Gabriel Attal អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង ដែលបាន​ផ្តល់​បទសម្ភាសន៍ ដល់ទូរទស្សន៍ BFMTV នៅព្រឹកថ្ងៃអង្គារនេះ បាន​ឲ្យ​ដឹងថា ជនអាហ្វហ្កានីស្ថានម្នាក់ ដែលត្រូវបានគេសម្រេចឃុំខ្លួន​បណ្តោះអាសន្ននោះ គឺជា​មនុស្ស​ដែល​បានចូលរួមយ៉ាងសកម្ម នៅ​ក្នុងការជួយ​ជម្លៀសបុគ្គលិក​របស់ស្ថានទូតបារាំង នៅទី​ក្រុងកាប៊ុល។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាល​បារាំង បានអះអាងថា រដ្ឋាភិបាល​នឹងមិនលេងសើច ជាមួយ​សន្តិសុខរបស់​ប្រជាជនបារាំងទេ។ លោក​បញ្ជាក់ថា ជនជាតិអាហ្វហ្កានីស្ថានទាំងអស់ ដែលត្រូវបានកងទ័ព​បារាំង ជម្លៀសចេញពី​ក្រុងកាប៊ុល គឺសុទ្ធតែត្រូវបាន​តាមដានអង្កេតប្រវត្តិ យ៉ាងល្អិតល្អន់ នៅឯមូលដ្ឋានទ័ពបារាំង ទីក្រុងអាប៊ូដាប៊ី មុននឹង​ដឹកមកដល់​ទឹកដីបារាំង៕

មតិយោបល់