បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោ និងប្រហិតចម្រុះសរុបចំនួន៤.០០០គីឡូក្រាម(៤តោន)ដឹកតាមរថយន្ត១គ្រឿងនាំចូលមកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ត្រូវកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជារដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឃាត់រថយន្តបាន នៅវេលាម៉ោង៩ និង៤១នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម តាន់ ផាន់ណារ៉ា បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា រថយន្តខាងលើម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ THAILAND 81-9741 ។ ពេលកម្លាំងឆែកឆេរក្នុងរថយន្តរកឃើញសាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោនិងប្រហិតចម្រុះចំនួន៤.០០០គីឡូក្រាម នាំចូលមកពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានដឹកជញ្ជូនលើសពីចំនួនដែលបានស្នើសុំនៅក្នុងលិខិតអនុញ្ញាត។
ឯកឧត្តមតាន់ ផាន់ណារ៉ា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រុមការងារបានបញ្ជូនវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ចាត់ការទៅតាមនីតិវិធីច្បាប់ ៕
មតិយោបល់