បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៣០នាទី លោកវរសេនីយ៍ឯក ឈឿន គឹមស៊ុង នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះប្រតិបត្តិការបង្ក្រាបករណីលួច (កាត់ខ្សែភ្លើង) នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ អារុណ ហៅ រុន ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ។
ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួច(កាត់ខ្សែភ្លើង) នៅចំណុចអគារជួលមួយកន្លែង ស្ថិតនៅក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣និង០០នាទី របស់ជនរងគ្រោះឈ្មោះ ណែម សុភានីម ភេទស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិសំរោងតាកុក ឃុំសំរោងតាកុក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖ - ខ្សែលួសពណ៌ទង់ដែង ចំនួន៦ដុំ -កន្ត្រៃកាត់ចំនួន០២ កូនកាំបិត ចំនួន០១ ។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់