ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពីបទរួមភេទជាមួយអនីតិជន

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកព្រះនេត្រព្រះចាប់ឃាត់ខ្លួននៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ វេលាម៉ោង០៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ពីបទរួមភេទជាមួយអនីតិជន។

លោកវរសេនីយ៍ឯកមាសប្ញទ្ធីអធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា៖នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ឈ្មោះម៉ាក ខាន់ ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប៉ោយតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះថាកាលពីវេលាម៉ោង០១រំលងអធ្រាត្រនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គាត់បាត់ចៅស្រីឈ្មោះខ.ល.តនៅផ្ទះជាមួយ។លុះនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ គាត់បានទៅរកចៅស្រីឃើញនៅនឹងផ្ទះឈ្មោះព្រួញ មករា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិខ្វាវឃុំបុស្បូ ស្រុកព្រះនេត្រព្រះ ហើយនាំចៅមកផ្ទះវិញ។តាមការសាកសួរចៅស្រីគាត់ប្រាប់ថានៅយប់នោះដេកនៅផ្ទះឈ្មោះព្រួញ មករា ត្រូវបានឈ្មោះមករារួមភេទជាមួយបានសំរេចចំនួន០២លើក។

លោកអធិការឲ្យដឹងទៀតថា៖ក្រោយពីទទួលបានបណ្តឹងពីជីតានិងស្តាប់ការបំភ្លឺរបស់ក្មេងស្រីរងគ្រោះកម្លាំងនគរបាលស្រុកបានចុះទៅធ្វើការនាំខ្លួនឈ្មោះព្រួញមករាយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពីឯកឧត្តមកើត សុវណ្ណា រ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថាដោយផ្អែកលើបណ្តឹងរបស់ជីតាក្មេងស្រីរងគ្រោះនិងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះព្រួញមករាគឺពិតជាបានរួមភេទជាមួយក្មេងស្រីជាអនីតិជនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់