ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ បើកម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្តាលឲ្យរងរបួសធ្ងន់

កណ្តាល: នៅថ្ងៃ អាទិត្យ ៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រី ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង០៥ នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិង រថយន្តបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់បុរសវ័យចំ ណាស់ម្នាក់ នៅចំណុចផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៩-២០ ក្នុងភូមិ គគីរ ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ដំណើររឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក Toyota Fortuner ពណ៌ទឹកប្រាក់ ប្រភេទទេសចរណ៍ ពាក់ផ្លាក់លេខ ភ្នំពេញ 2AB-1107 បើកបរដោយឈ្មោះ ជា ម៉រ៉ា ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែកសំរោង សង្កាត់ព្រែក សំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ។
លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Honda Dream ១២៥ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខ កណ្តាល 1AK-7013 ផល្លិត ឆ្នាំ២០២០ បើកបរដោយឈ្មោះ សុខ អាន ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ គគីរ ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកំពុងតែបើកឆ្លងកាត់ថ្នល់ ពីជើងមកត្បូងបណ្តាលឲ្យរងរបួស បុរសវ័យចំណាស់ម្នាក់ ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះផងដែរ ។

បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី ។ ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូធ្វេសប្រហែស មិនពិនិតគ្រប់ជ្រុងជ្រោយ មុនពេលបើកឆ្លងកាត់ថ្នល់ ៕

មតិយោបល់