កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២និង៤៥នាទី មានករណីធ្វើឲ្យខូចខាតដោយចេតនាមិនរាងចាល នៅចំណុចផ្ទះរបស់ឈ្មោះ នួន នឿន ស្ថិតក្នុង ភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះ ចំនួន ០២នាក់៖
១. ឈ្មោះ នួន នឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ (ត្រូវជាឪពុកចិញ្ចឹមរបស់ជនសង្ស័យ)។
២. ឈ្មោះ ឃឹម ផល្លី ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាម្ដាយចិញ្ចឹមរបស់ជនសង្ស័យ) ទាំងពីរនាក់ត្រូវជាប្ដីប្រពន្ធមានទីលំនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ នឿន លីនណា ហៅ ឌី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាកូនចិញ្ចឹមរបស់ជនរងគ្រោះ) ។
វត្ថុតាងចាប់យក៖
១. ស្ន ចំនួន ០១ដើម ផ្លែដែក ដងឬស្សី មានប្រវែងសរុប ២.៦៨ម (ផ្លែមានប្រវែង ០.២៤ម ដងមានប្រវែង ២.៤៤ម)
២. កណ្ដៀវកែច្នៃជាកាំបិត ចំនួន ០១ដើម ផ្លែដែក ដងឬស្សី មានប្រវែងសរុប ៣៨ស.ម (ផ្លែមានប្រវែង ២២ស.ម ដងមានប្រវែង១៦ស.ម)។
កន្លងមកជនសង្ស័យធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ធ្វើកិច្ចសន្យាអប់រំចំនួនពីរលើក និងធ្លាប់ជាប់ពន្ធនាគារចំនួន០១លើក ករណីហិង្សាដោយចេតនា កាលពីឆ្នាំ២០១៨ រយ:ពេល ០១ឆ្នាំ នៅពន្ធនាគារខេត្តកណ្ដាល ។
ជនសង្ស័យនៅពេលដែលឪពុកម្ដាយស្ដីប្រដៅរឿងខ្ជិលធ្វើការងារ តែងតែមានចិត្តខឹងនឹងរករឿងអ្នកផ្ទះញឹកញាប់ ។
រហូតមកដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ៤៥នាទី ជនសង្ស័យបានត្រឡប់មកពីដើរលេងវិញ ក៏ត្រូវម្ដាយស្ដីប្រដៅ អប់រំណែនាំ កុំឲ្យដើរលេងច្រើន ហើយខិតខំជួយធ្វើការងារផ្ទះ ប៉ុន្តែជនសង្ស័យមិនស្ដាប់ បែរជាខឹងនឹងជនរងគ្រោះក៏បានធ្វើសកម្មភាពយកស្នខាងលើ យកទៅវាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះ នឹងយកផ្លែស្នទៅចាក់ដំបូលផ្ទះរបស់ខ្លួន បណ្ដាលអោយមានការខូចខាតផ្ទះរបស់ជនរងគ្រោះមួយចំនួន ។
ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់អោយជួយអន្តរាគមន៍ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលន់ បានចុះទៅដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យបានគេចខ្លួនបាត់ ។ រហូតមកដល់ថ្ងៃទី១៩ ខែឆ្នាំដដែល ទើបសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើរួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្ដង ។
មតិយោបល់