ព័ត៌មានជាតិ

ប្រើល្បិចធ្វើជាធ្លាយកង់ម៉ូតូ ចូលទៅរកកន្លែងជាងប៉ះ ឃើញឱកាសល្អក៏ឆក់ទូរស័ព្ទ តែគេចមិនរួច

ភ្នំពេញៈ នៅវេលាម៉ោង០២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក MSX ប្រើល្បិចធ្វើជាធ្លាយកង់ម៉ូតូចូលទៅប៉ះឆ្លៀតឱកាសល្អ ក៏ធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃបានមួយគ្រឿង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ស្ថិតតាមបណ្តោយផ្លូវលេខ៩៥ កែងនឹងផ្លូវម៉ៅសេទង់ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យ៖ ១-ឈ្មោះ ឆក់ សំណាង ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅជិត និងសូរិយ៉ាម៉ល ។ ទី២-ឈ្មោះ ផាន វិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅជាមួយគ្នា ។

នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យទាំងពីរនាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1-CR 0589 ជិះឌុបគ្នា ប្រើល្បិចធ្វើជាធ្លាយកង់ម៉ូតូចូលប៉ះកង់នៅម្តុំស្តុបបូកគោ ឆ្លៀតឱកាសល្អ ក៏ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃមួយគ្រឿង ពីបុរសម្នាក់បានសម្រេច រួចក៏បានជិះរត់គេចខ្លួន ស្រាប់តែពេលនោះ សមត្ថកិច្ចបានឃើញក៏ជិះម៉ូតូដេញតាមពីក្រោយឃាត់ខ្លួនបាន នៅតាមបណ្ដោយផ្លូវលេខ៩៥ កែងផ្លូវម៉ៅសេទុង និងដឹកជនសង្ស័យទាំង០២នាក់ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់បឹងត្របែក ដើម្បីធ្វើការសាកសួរ ។ បន្ទាប់មកសមត្ថកិច្ចបានឲ្យជនរងគ្រោះ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងត្របែក ដើម្បីប្រគល់ទូរស័ព្ទឲ្យវិញ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹង ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់​ ៕

មតិយោបល់