ព័ត៌មានជាតិ

លួចម៉ូតូបានសម្រេចនៅខណ្ឌព្រែកព្នៅ ជិះរត់មកជាប់ខ្នោះសមត្ថកិច្ចនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច ខណ:ម្ចាស់ទុកនៅផ្ទះ កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២០ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចផ្សារព្រៃព្នៅក្នុងខណ្ឌព្រែកព្នៅ រួចជិះរត់ត្រូវបានម្ចាស់ម៉ូតូជិះដេញតាមពីក្រោយ និងស្រែកចោរៗរហូតមកដល់ចំណុចក្បែរនៅសួនវឌ្ឍនៈតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៍ប្រទះកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ កំពុងល្បាតតាមដងផ្លូវធ្វើការឃាត់ខ្លួនភ្លាមៗ។

ជនសង្ស័យមានឈ្មោះ សុខ លីម ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរើសអេតចាយ ស្នាក់នៅក្បែរកន្លែងកើតហេតុ។

តាមការរៀបរាប់ពីជនរងគ្រោះ ភេទប្រុស ជាជនជាតិវៀតណាម បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានទុកម៉ូតូ ១គ្រឿងម៉ាក ឌ្រីមសង់ ស៊េរីឆ្នាំ២០០៩ ជាម៉ូតូសម្រាប់ដឹកត្រីលក់ប្រចាំថ្ងៃ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-3477 នៅមុខផ្ទះ រួចបានចាក់សោត្រឹមត្រូវ និងបានចូលទៅក្នុងផ្ទះបាត់។ ប្រភពដដែរបានបន្តទៀតថា លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានបងប្អូនជាពលរដ្ឋនៅក្បែរខាង បានមកប្រាប់ថា មានជនសង្ស័យលួចម៉ូតូគាត់ជិះយកទៅបាត់ហើយ ខណៈនោះគាត់ក៏ស្រវេស្រវាយកម៉ូតូមួយគ្រឿងទៀត ជិះដេញតាមជនសង្ស័យពីក្រោយ និងស្រែកថា ចោរៗ រហូតមកដល់ចំណុចក្បែរសួនវឌ្ឍនៈ តាមបណ្តោយផ្លូវ វេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ប្រទះនឹងកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យតាមដងផ្លូវធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរួច សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌព្រែកព្នៅ ឲ្យមកយកជនសង្ស័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់