ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជម្រុញដល់លោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបទល្មើសវិធានក្រសួងសុខាភិបាល ដែលបង្កឱ្យមានហានិភ័យរីករាលដាលជំងឺកូវីដ១៩ ។ ក្នុងករណីដែលបណ្តែតបណ្តោយឱ្យមានការបើកក្លឹបកម្សាន្តជួបជុំគ្នាផឹកស៊ី ច្រៀងរាំសប្បាយល្មើសវិធានក្រសួងសុខាភិបាល គឺលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ ហើយកុំឆ្លើយថា បទល្មើសកើតហើយថា មិនដឹងនោះ។
បន្ទាប់ពីមានបទបញ្ជារបស់ ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងជាច្រើននាក់ ជាមួយនឹងមធ្យោបាយដោយរថយន្តជាច្រើនគ្រឿង ដឹកនាំដោយលោកលោកស្រីស្នងការរង នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ គេឃើញបង្កើនចេញល្បាតត្រួតពិនិត្យរឹតបន្តឹងសន្តិសុខ នៅក្នុងភូមិសាស្ត្រទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកចាត់វិធានការបង្ក្រាបចំពោះទីតាំង ប្រកបមុខរបរ អាជីវកម្ម រឺបើកលួចលាក់ខារ៉ាអូខេ ក្លឹបកម្សាន្ត ល្មើសវិធានក្រសួងសុខាភិបាល ដែលបង្កហានីភ័យឆ្លងរីករាលដាលជំងឺកូវីដ១៩។
នៅគ្រាដែលគេមើលឃើញថា ទើបតែកន្លងទៅថ្មីៗនេះ កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចេញស្រាវជ្រាវនិងត្រួតពិនិត្យបង្ក្រាបទីតាំងក្លឹបកម្សាន្តមួយកន្លែង ក្នុងខណ្ឌដូនពេញ យីហោ LOVE កាលពីយប់អធ្រាត្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឃាត់ខ្លួនជនបរទេសនិងជនជាតិខ្មែរជាច្រើននាក់ រួមនិងវត្ថុតាងគ្រឿងញៀនមួយចំនួនទៀតផង ខណៈទីតាំងនោះបានធ្វើសកម្មភាពប្រមូលផ្តុំជួបជុំគ្នាផឹកស៊ី ច្រៀងកម្សាន្ត និងមានការប្រើប្រាស់គ្រឿងញៀន។ ជាងនេះថែមទៀត ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនិងល្បាតតាមភូមិសាស្ត្រនានាក្នុងរាជធានីភ្នំពេញ កម្លាំងនគរបាលរាជធានីភ្នំពេញ កន្លងមកគេមើលឃើញញថា ក៏ធ្លាប់បង្ក្រាបក្លឹបកម្សាន្តដែលមានការប្រមូលផ្តុំជួបជុំគ្នាផឹកស៊ី ច្រៀងខារ៉ាអូខេ ជាបន្តបន្ទាប់ផងដែរដូចជានៅខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងតាមបណ្តាខណ្ឌផ្សេងទៀតផងដែរ។
ការបង្កើនចេញល្បាតត្រួតពិនិត្យពង្រឹងសន្តិសុខនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពីសំណាក់កងកម្លាំងនគរបាលរាជធានីភ្នំពេញ គឺគេមើលឃើញថា ក៏ដើម្បីចូលរួមកាត់បន្ថយអត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ និងក៏ដើម្បីពង្រឹងការអនុវត្តវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីឆ្លើយតបលើការងារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ អនុវត្តតាមគោលការណ៍ដឹកនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ នៅ គ្រាដែលស្ថានភាពជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ នៅតែគេមើលឃើញថា មានសភាពស្មុគស្មាញហើយបន្តឆ្លងរាលដាល មិនទាន់មានសភាពធូរស្បើយនៅឡើយនោះទេ។
វិធានការចុះល្បាតត្រួតពិនិត្យនៅពេលយប់អនុវត្តជាប្រចាំពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញនោះផងទៀត ក៏គេមើលឃើញថា ក៏បានចុះអប់រំចំពោះបងប្អូនប្រជាពលរដ្ឋដែលនាំគ្នាប្រមូលផ្តុំជួបផឹកស៊ីនៅតាមផ្ទះ តាមរោងសិប្បកម្ម ការដ្ឋានសំណង់ ដែលស្រែកច្រៀងឡូឡាដាស់បាស់ប៉ះពាល់រំខានដំណេកនិងការរស់នៅរបស់អ្នកជិតខាង និងការជួបជុំនោះក៏មានហានីភ័យឆ្លងជំងឺកូវីដ១៩ ហើយណែនាំឱ្យបញ្ឈប់នៃការជួបជុំផឹកស៊ីផងដែរ ។
សូមបញ្ជាក់ថា ក្នុងអំឡុងដែលរាជធានីភ្នំពេញ នៅតែមានហានីភ័យឆ្លងរាលដាលជំងឺឆ្លងកូវីដ១៩ គេឃើញការលួចបើកក្លិបកម្សាន្ត ខារ៉ាអូខេ ជួបជុំផឹកស៊ីខ្លះនៅតែកើតមាន ដោយលួចលាក់ តាមបណ្តាខណ្ឌមួយចំនួនដោយមិនគោរពវិធានក្រសួងសុខាភិបាល ហើយត្រូវបានរងការបង្ក្រាបចាត់វិធានការតាមផ្លូវច្បាប់ជាបន្តបន្ទាប់រួចហើយផងដែរ។
ក្នុងកិច្ចការងារនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ ជាពិសេសការបើកលួចលាក់ក្លិបកម្សាន្ត ខារ៉ាអូខេ ដែលជាសកម្មភាពផ្ទុយនិងវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងវិធានក្រសួងសុខាភិបាល នៅក្នុងកិច្ចប្រជុំតាមអនឡាញ zoom meeting ស្តីពីការត្រួតពិនិត្យលទ្ធផលសកម្មភាពអនុវត្តការងាររបស់កម្លាំងនគរបាលរាជធានីភ្នំពេញ លើការងារការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមកាលពីអំឡុងខែមិថុនាកន្លងទៅនេះ ៕
មតិយោបល់