ព័ត៌មានជាតិ

អភិបាលខេត្តឲ្យ រឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក ខណៈគ្រោះថ្នាក់ មានការកើនឡើង

កំពង់ឆ្នាំងៈ រយៈពេល២ថ្ងៃហើយ ដែលអភិបាល ខេត្តកំពង់ឆ្នាំង បានបញ្ជារ កម្លាំងនគរបាល ចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង ឲ្យចេញ ប្រតិបត្តការ ផាកពិន័យចំពោះ អ្នកបើកបរទោចក្រយានយន្ត មិនមានកញ្ចក់ មើលក្រោយ មិនពាក់មួកសុវត្ថិភាព និងអ្នកដឹកមនុស្ស លើសកំណត់ច្បាប់ជាដើម។

លើសពីនេះក៍បានធ្វើការ ផាកពិន័យទៅលើអ្នកបើកបរ ផ្ទុកសំពីងសំពោង រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងអ្នកបើកបរក្រោម ឥទ្ធិពល នៃជាតិស្រវឹង។ ការធ្វើឡើងនេះ ក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ កើនឡើងគួរឲ្យ ព្រួយបារម្ភ នៅក្នុងខែសីហា ឆ្នាំ២០១៦នេះ។

លោក ឈឹម សារុន នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានប្រាប់ ឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០១៦កន្លងមក គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តកំពង់ឆ្នាំង កើតមានចំនួន៧ករណី បណ្តាលឲ្យស្លាប់ចំនួន ៤នាក់ ក្នុងនោះស្រី៣នាក់ ប៉ុន្តែឈានចូលខែសីហា ឆ្នាំ២០១៦នេះ ក្នុងរយៈពេលតែ១៥ថ្ងៃ គឺកើតមានគ្រោះថ្នាក់ ចរាចរណ៍ រហូតដល់១០ករណី បណ្តាលឲ្យ ស្លាប់ចំនួន៥នាក់ របួសធ្ងន់១៣នាក់ របួសស្រាល២៣នាក់ និងបានចាប់បញ្ជូន ជនបង្ករទៅសាលាដំបូង ខេត្តមានចំនួន២ករណី។ បើប្រៀបធៀប ក្នុងខែកក្កដា និងសីហា ឆ្នាំ២០១៦ ករណីគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើង ជាងខែកក្កដា និងសីហា ឆ្នាំ២០១៥ ដែលករណី គ្រោះថ្នាក់ចរាចរណ៍ កើនឡើងនេះ គឺបណ្តាលមកពីកត្តា មនុស្សដែលបើកបរ មិនមានការប្រុងប្រយ័ត្ន ជែងក្នុងស្ថានភាព គ្រោះថ្នាក់ ដឹកលើសកំណត់ច្បាប់ និងបើកបរក្នុង ស្ថានភាពស្រវឹងជាដើម។

លោកបានបន្តថា៖ ដោយការសង្កេតឃើញ មានការកើនឡើង នៃគ្រោះថ្នាក់ ចរាចរណ៍ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវ គោលការណ៍ក្តៅដោយអនុញាតិ ឲ្យកម្លាំងនគរបាល ចរាចរណ៍ រឹតបណ្តឹងច្បាប់ ចរាចរណ៍ឡើងវិញ។ ក្នុងរយៈ២ថ្ងៃនៃការរឹតបណ្តឹង ច្បាប់ចរាចរណ៍នេះ គឺមានអ្នកបើកបរ ទោចក្រយានយន្ត ប្រមាណ៨៥% ដែលមិនបានពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរ។

ដោយឡែកលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ បងប្អូនប្រេជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ ផ្លូវទាំងអស់ យកចិត្តទុកដាក់ គោរពច្បាប់ចរាចរណ៍ ដើម្បីរក្សាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ព្រោះគ្រោះថ្នាក់ចរាចរណ៍ វាមានផលប៉ះពាល់ដល់ សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ យ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត ក្នុងនាមជាអាជ្ញាធរខេត្ត លោកមិនមែនចង់បានប្រាក់ ប្រជាពលរដ្ឋ ពីការផាកពិន័យនោះទេ តែសំខាន់ គឺចង់ឲ្យប្រជាពលរដ្ឋ ទាំងអស់ចូលរួមគោរព ច្បាប់ចរាចរណ៍ និងអាច កាត់បន្ថយ បាននូវករណីគ្រោះថ្នាក់ កើតឡើងដោយការ មិនប្រុងប្រយ័ត្ន របស់យើង៕

photo_2016-08-16_17-01-22photo_2016-08-16_17-01-24photo_2016-08-16_17-01-26photo_2016-08-16_17-01-28

មតិយោបល់