អាមេរិកៈ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧នាក់ហើយ ស្របពេលមនុស្សរាប់ពាន់នាក់បានជម្លៀសខ្លួនបន្ទាន់ ចេញពីគេហដ្ឋានក្រោយពេលផ្លូវទឹកនៅក្នុងភាគខាងត្បូងនៃរដ្ឋ Louisiana ជន់លិចច្រាំង។ កន្លែងខ្លះទឹកលិចជំរៅ ៥០សង់ទីម៉ែត្រ នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមសារព័ត៌មាន ស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៦។
ប្រព័ន្ថផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា គ្រោះទឹកជំនន់ធ្ងន់ធ្ងរមួយនៅក្នុងភាគខាងត្បូងនៃរដ្ឋ Louisiana សហរដ្ឋអាមេរិក នៅតែបន្តវាយប្រហារដល់រដ្ឋមួយនេះ ។ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់ ហើយសាលារៀន ផ្លូវថ្នល់និងការិយាល័យរដ្ឋត្រូវបានបិទ ដោយសារទឹកភ្លៀងបានគ្របដណ្តប់លើផ្ទៃដីជម្រៅ ២៥.៤ ទៅ ៥០សង់ទីម៉ែត្រ ។
អភិបាលរដ្ឋ Louisiana លោក John Bel Edwards បានប្រកាសអាសន្នកាលពីថ្ងៃសុក្រទូទាំងរដ្ឋមួយនេះ ថាវាអាចនឹងបន្តប៉ះពាល់រហូតដល់ថ្ងៃទី ១០ ខែកញ្ញាខាងមុខ ហើយលោកបានហៅទឹកជំនន់មួយនេះថា “ចម្លែក ឬ មិនធ្លាប់មានពីមុនមក” ។
ប៉ូលិសក្នុងតំបន់ និង កងការពារជាតិត្រូវបានស្នើសុំឲ្យធ្វើប្រតិបត្តិការជួយសង្គ្រោះ ហើយ ការិយាល័យរបស់អភិបាលរដ្ឋ សុំឲ្យអ្នកស្រុកគោរពស្លាកសញ្ញាចរាចរណ៍ និង ពិនិត្យមើលព័ត៌បន្ថែមក្រោយៗទៀតមានឲ្យច្បាស់លាស់៕
មតិយោបល់