ព័ត៌មានជាតិ

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើតេស្តសារធាតុញៀនជាង៥០គីឡូនិងបង្ហាញជនសង្ស័យ២នាក់ដែលបង្ក្រាបបាន

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះនៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានរៀបចំធ្វើតេស្តសារធាតុញៀនជាង៥០គីឡូក្រាម និងបង្ហាញមុខជនសង្ស័យចំនួន២នាក់ ដែលបង្ក្រាបបានកាលពីពេលថ្មីៗនេះដោយមានការចូលរួមពីឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន,នាយករងមន្ទីរនាយ-នាយរងការិយាល័យលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

ដោយអនុវត្តតាមបញ្ជាឯកឧត្តមនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងឯកឧត្តមនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០និង៣៥នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោអ៊ិនសុងនាយករងមន្ទីរនិងលោកវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១)សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះស្រាវជ្រាវនិងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ៤ចំណុចផ្សេងគ្នាជាបន្តបន្ទាប់៖

ទី១-នៅចំណុចផ្លូវលំ សង្កាត់ទួលសង្កែរ១ ខណ្ឌឫស្សីកែវ

ទី២-នៅចំណុចអតីតរោងចក្រទឹកដោះគោលើផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ

ទី៣-នៅចំណុចផ្ទះជួលលេខ១៣២៩ ផ្លូវ១០៣ ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ

ទី៤-ផ្ទះដេ២ផ្លូវបេតុង ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់រួមមាន៖១-ឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែ រនិង២-ឈ្មោះសុខ ពន្លក ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ។ចាប់យកវត្ថុតាងរួមាន៖១-មេតំហ្វេតាមីន(ICE)៣០កញ្ចប់ធំ៤កញ្ចប់តូចស្មើទម្ងន់៣០គ.ក្រ៣៤០ក្រាម,២-កេតាមីន(Ketamine)២០កញ្ចប់ធំស្មើទម្ងន់១៩គ.ក្រ៩៤៦,៦៦ក្រាម,៣-ទូរស័ព្ទ៣គ្រឿង,៤-ម៉ូតូ១គ្រឿង,៥-រថយន្ត១គ្រឿង។សរុបសារធាតុញៀនចំនួន៥០គ.ក្រ២៨៦,៦៦ក្រាម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

 

មតិយោបល់