ព័ត៌មានជាតិ

Update៖ កម្មករចិញ្ចឹមទាម្នាក់ ដេកស្លាប់ផ្កាប់មុខនៅលើធ្នើរឈើ សម្រាប់ដាក់ឲ្យទាឡើងចុះទឹក

កណ្តាលៈ ថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧ និង ៣០ នាទី មានករណីបុរសម្នាក់ ជាកម្មករចិញ្ចឹមសត្វទា បានខ្យល់គស្លាប់បាត់បង់ជីវិត នៅត្រង់ចំណុចស្រះចិញ្ចឹមទាឈ្មោះ គឹម សុខហេង ភូមិ ធម្មស្រះ ឃុំ ភ្នំបាត ស្រុក ពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ខេន វាសនា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្ន ភូមិភ្នំបាត ឃុំភ្នំបាត ស្រុក ពញាឮ ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ភន សារិន អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានបំភ្លឺថា ប្តីរបស់ខ្លួនឈ្មោះ ខេន វាសនា ជាមនុស្សញៀនស្រា ហើយបានមកធ្វើការជាកម្មករចិញ្ចឹមទាឲ្យឈ្មោះ គឹម សុខហេង បានរយៈពេល៣ថ្ងៃ ។
តាមការបំភ្លឺរបស់ឈ្មោះ គឹម សុខហេង ត្រូវជាម្ចាស់ស្រះចិញ្ចឹមទា បានបំភ្លឺថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឈ្មោះ ខេន វាសនា បានមកសុំរូបខ្លួន ធ្វើការជាកម្មករចិញ្ចឹមសត្វទា និងស្នាក់នៅស្រះចិញ្ចឹមទារបស់ខ្លួន នៅចំណុចកើតហេតុខាងលើ ។

លុះដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧ព្រឹក រូបខ្លួនបានឃើញឈ្មោះ ខេន វាសនា ធ្វើការដាក់ចំណីឲ្យសត្វទា នៅក្នុងបរិវេណស្រះចិញ្ចឹមទារបស់ខ្លួន ដូចសព្វដង លុះដល់វេលាម៉ោង១០ និង នាទី ខ្លួនពុំឃើញឈ្មោះ ខេន វាសនា នៅស្រះចិញ្ចឹមសត្វទារបស់ខ្លួន រហូតដល់វេលាម៉ោង១៧ និង ៣០ នាទី (ម៉ោងដឹង) ខ្លួនបានដើរ ទៅមើលសត្វទានៅក្នុងស្រះ ក៏ប្រទះឃើញឈ្មោះ ខេន វាសនា ដេកផ្កាប់មុខនៅលើធ្នើរឈើសម្រាប់ដាក់ឲ្យសត្វទាឡើងចុះទឹក ខណៈពេលនោះខ្លួនក៏បាន ចុះទៅទាញផ្ងារមុខមើល ទើបដឹងថាឈ្មោះ ខេន វាសនា ស្លាប់បាត់បង់ជីវិត បន្ទាប់មកខ្លួនបាន ប្រាប់ទៅគ្រួសាររបស់ជនរងគ្រោះ នឹងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំបាត ។

ក្រោយមកកម្លាំងជំនាញ ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត និងមានការចូលរួមពីក្រុមប្រឹក្សាមេឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសព យ៉ាងហ្មត់ចត់ពិនិត្យឃើញថា
សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់ សំគាល់ឡើយ ។ សនិ្តដ្ឋានៈ ជនរងគ្រោះ ស្លាប់ដោយសារ ខ្យល់គបណ្តាលឲ្យស្លាប់ ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់