ព័ត៌មានជាតិ

រកឃើញនំលីលី និងទឹកក្រូច IEC ខូចគុណភាព

កំពង់ចាមៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ៤រោច ខែចេត្រឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូល ខេត្តកំពង់ចាម ដោយមានកិច្ចសហការចូលរួម ពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ នៅផ្សារស្គន់ ស្ថិតនៅឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មានរួមមាន៖ ទឹកក្រូចម៉ាក IEC ចំនួន ៩៦ ដប និងនំម៉ាកលីលីចំនួន ៤៣២ កញ្ចប់។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោលនៅពេលក្រោយ និងបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យា បញ្ឈប់ការដាក់តាំងលក់ទំនិញហួស កាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោល នឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់