ក្រោយពីបិទខ្ទប់ប្រទេសអស់រយៈពេលយ៉ាងយូរ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ អង់គ្លេសបានចាប់ផ្តើមបើកប្រទេសនិងលើកបម្រាមមួយម្តងៗដោយសន្សឹមៗ។ តាមគម្រោងអង់គ្លេសត្រូវលុបបម្រាមចេញទាំងស្រុងចាប់ពីថ្ងៃទី ២១មិថុនាទៅ ព្រោះរហូតដល់ពេលនោះ ពលរដ្ឋពេញវ័យអង់គ្លេស៣ភាគ៥នឹងទទួលបានថ្នាំបង្ការពេញលេញ។ ប៉ុន្តែ បើតាមប្រភពសារព័ត៌មានខ្លះ អង់គ្លេសទំនងជាពន្យារពេលពីរសប្តាហ៍បន្ថែមទៀតសិន។ អាជ្ញាធរនឹងផ្តល់សេចក្តីចិត្តច្បាស់លាស់នៅថ្ងៃទី ១៤មិថុនាខាងមុខ។
មូលហេតុ មកពីអង់គ្លេសកំពុងប្រឈមនឹងការគំរាមកំហែងនៃមេរោគបំប្លែងខ្លួនឥណ្ឌាដែលតា។ លេចឡើងកាលពីខែមេសានៅប្រទេសឥណ្ឌា មេរោគកូវីដបំប្លែងខ្លួន ដែលតា បានក្លាយជាមេរោគចំបងគេ ដែលកំពុងធ្វើការចម្លងនៅអង់គ្លេស មិនមែនមេរោគកូវីដបំប្លែងខ្លួនអាល់ហ្វាទៀតទេ។ ការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្ត្រ ដែលជាទីប្រឹក្សារបស់រដ្ឋាភិបាល បានបង្ហាញឱ្យឃើញថា ដែលតា មានអំណាចចម្លងខ្លាំងជាងអាល់ហ្វា ដល់ទៅ៤០%។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យទី ៦មិថុនា ២០២១។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ថ្វីបើ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងកូវីដ១៩ បានស្ទុះឡើងជាថ្មី ពីជាង៥ពាន់នាក់ទៅ៦ពាន់នាក់ ក្នុងមួយថ្ងៃៗក៏ដោយ ក៏ចំនួនអ្នកចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឋេរដដែល។ ហើយអ្នកជំងឺកូវីដ១៩ដែលមានអាការៈធ្ងន់ដល់ថ្នាក់ចូលពេទ្យ ច្រើនតែជាអ្នកដែលពុំទាន់បានទទួលថ្នាំបង្ការ។
រងគ្រោះជាងគេបំផុតនៅអឺរ៉ុប ដោយមានអ្នកស្លាប់នឹងកូវីដ១៩ដល់ទៅជាង១២៨០០០នាក់ អង់គ្លេសបានចាក់វ៉ាក់សាំងឱ្យប្រជាពលរដ្ឋបានជិត៤០លាននាក់ ក្នុងនោះជាង២៧លាននាក់បានចាក់រួចទាំងពីរដូស ពោលគឺស្មើនឹងបានប្រមាណ៥២%នៃប្រជាជនសរុប៕
មតិយោបល់