ព្រះវិហារៈ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍១លើកកើតឡើង រវាងរថយន្តបុករថយន្ត រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀត ដែលចតនៅលើចិញ្ចើមផ្លូវ មានក្មេងកំពុងតែអង្គុយលើម៉ូតូ បណ្ដាលអោយស្លាប់ម្នាក់ នៅចំណុចមុខរដ្ឋបាលព្រៃឈើឆៀងខាងលិច ប្រមាណ៤០ម៉ែត្រ ស្ថិតក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លើផ្លូវជាតិលេខ៦២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២១១ដល់២១២ ក្នុងដំណើរស្របទិសគ្នា ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខកំពង់ចាម 3A7425 បើកបរដោយឈ្មោះ អ៊ុយ ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឈ្នួល មកដល់កន្លែងកើតហេតុ យោងតាមចម្លើយអ្នកបើកបររថយន្តយីឌុបថា មានរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស មិនចាំផ្លាកលេខ បើកបរដោយឈ្មោះ ច័ន្ទ ដារុន ភេទប្រុស បើកបរពីមុខហើយបានឈប់ភ្លាមៗ លើដងផ្លូវមិនបានវ៉ៃភ្លើងស៊ីញ៉ូ រឺក៏អែបស្ដាំ ធ្វើអោយអ្នកបើកបររថយន្តយីឌុប បួងចង្កូតគេចក៏បានកៀរស្តុបរថយន្តឡង់គ្រីស័រខាងស្ដាំ រួចទៅបុកម៉ូតូចតនៅលើចិញ្ចើមផ្លូវខាងស្ដាំ ដែលមានក្មេងអង្គុយពីលើឈ្មោះ រ៉េត ធឹងសែន ភេទប្រុស អាយុ១៤ឆ្នាំ ហើយក៏ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ ជំនាញនឹងកម្លាំងប៉ុស្ដិ៍រដ្ឋបាលបានឃាត់ខ្លួន អ្នកបើកបររថយន្តយីឌុប ជាបណ្ដោះអាសន្ន ។ ចំណែកឯរថយន្ត ឡង់គ្រីស័រ បើកបរដោយឈ្មោះ ច័ន្ទ ដារុន បានបើកបរគេចខ្លួនបាត់ ។ រីឯរថយន្តនឹងម៉ូតូ ជំនាញបានស្ទូចយកមករក្សាទុកនៅអធិការ នគរបាល ស្រុកជាំក្សាន្តជាបណ្តោះអាសន្ន ។ ចំពោះសាកសពក្មេងរងគ្រោះ ជំនាញបានប្រគល់អោយក្រុមគ្រួសារ យកសពធ្វើបុណ្យ តាមប្រពៃណី ។ ករណីនេះជំនាញកំពុងអនុវត្តន៍តាមនីតិវីធីផ្លូវច្បាប់ ៕
មតិយោបល់