(តូក្យូ)៖ ព្យុះទីហ្វុង Nepartak កំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងជើងពីមហាសមុទ្រប៉ាស៊ីហ្វិក និងអាចបក់បោកមកលើកោះដ៏សំខាន់របស់ប្រទេសជប៉ុន រួមទាំងទីក្រុងតូក្យូផងដែរ។
ព្យុះទីហ្វុង Nepartak ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងលិច ហើយចូលទៅកាន់ភាគខាងកើត និងភាគឥសាន្តនៃប្រទេសជប៉ុន ខណៈព្រឹត្តិការណ៍ អូឡាំពិកមួយចំនួន អាចនឹងរងឥទ្ធិពលពីអាកាសធាតុ ដោយទីភ្នាក់ងារអាកាសធាតុជប៉ុន បានព្រមានអំពីភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងខ្យល់បក់ខ្លាំង។
គិតត្រឹមរសៀលថ្ងៃចន្ទនេះ ព្យុះទីហ្វុង Nepartak ដែលជាព្យុះទី៨ នៃឆ្នាំ២០២១នេះ បាននិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគពាយព្យ ជាមួយល្បឿនប្រហែល ៣៥គីឡូម៉ែត្រក្នុងមួយម៉ោងពីមហាសមុទ្រប៉ាស៊ីហ្វិក។ បើតាមការរំពឹងទុក ក្នុងរយៈពេល ២៤ម៉ោងរហូតដល់រសៀលថ្ងៃអង្គារស្អែកនេះ កម្រិតទឹកភ្លៀង នឹងកើនឡើងដល់ ១៥០មីល្លីម៉ែត្រនៅតំបន់ Tohoku និង១០០មីល្លីម៉ែត្រនៅតំបន់ Kanto-Koshin រួមទាំងទីក្រុងតូក្យូផងដែរ៕
ប្រភព៖ Xinhua


មតិយោបល់