ទីភ្នាក់ងារព័ត៌មាន PA បានចុះផ្សាយដោយយោងតាមប្រភព ពីមន្ត្រីរដ្ឋាភិបាលអង់គ្លេស ថា រដ្ឋាភិបាលអង់គ្លេសកំពុងតែរៀបចំវិធានាការ ដើម្បីរារាំង មិនឲ្យក្រុមហ៊ុនចិន ឈ្មោះ CGN ចូលរួមវិនិយោគ ក្នុងគម្រោងសាងសង់ស្ថានីយ៍នុយក្លេអ៊ែរ នៅអង់គ្លេស។ ដំណឹងនេះ ក៏ត្រូវបានកាសែត The Financial Times ចុះផ្សាយផងដែរ។
ប្រភពដដែលអះអាងថា ក្រុមហ៊ុនចិន CGN អាចនឹងត្រូវគេហាមឃាត់ មិនឲ្យចូលរួមក្នុងគម្រោងស្ថានីយ៍នុយក្លេអ៊ែរចំនួនយ៉ាងហោច២ គម្រោង។ ទីមួយ គឺគម្រោង Sizewell ស្ថិតនៅភាគខាងកើត ដែលក្រុមហ៊ុនCGN ចង់ចូលរួមភាគហ៊ុនមួយផ្នែកតូច ជាមួយនឹងក្រុមហ៊ុនបារាំង EDF។ ចំណែកគម្រោងមួយទៀត ឈ្មោះ Bradwell នៅភាគខាងត្បូងអង់គ្លេស គឺក្រុមហ៊ុនចិន CGN ចេញមុខវិនិយោគតែម្នាក់ឯងទេ ហើយដោយចង់យកបច្ចេកវិទ្យានុយក្លេអ៊ែររបស់ចិន មកប្រើថែមទៀតផង។ ដោយឡែកគម្រោងមួយទៀត ឈ្មោះ Hinkley Point ដែល CGN សហការជាមួយ EDF គឺមិនពាក់ព័ន្ធទេ ព្រោះគម្រោងនេះ បានចាប់ផ្តើមដំណើរការទៅហើយ។
ក្រោយការចុះផ្សាយនេះ លោករដ្ឋមន្ត្រីក្រសួងថាមពល និងយុទ្ធសាស្ត្រឧស្សាហកម្មអង់គ្លេស មិនបានបដិសេធ ឬក៏ទទួលស្គាល់ការពិតទេ។ ដោយឡែកអ្នកនាំពាក្យម្នាក់ បានបញ្ជាក់ថា រាល់គម្រោងនុយក្លេអ៊ែរនៅអង់គ្លេស គឺត្រូវតែឆ្លងកាត់ការសិក្សា វិភាគយ៉ាងល្អិតល្អន់ និងដោយផ្អែកលើវិធានច្បាប់រឹងមាំ ដើម្បីគោរព ការពារសន្តិសុខជាតិ និងផលប្រយោជន៍ជាតិ ជាអាទិភាព។
គួរបញ្ជាក់ថា អង់គ្លេសមានស្ថានីយ៍នុយក្លេអ៊ែរចំនួន ៨ទីតាំង សរុបរ៉េអាក់ទឺរ ចំនួន១៥។ ២០%នៃថាមពលអគ្គិសនីនៅអង់គ្លេស គឺបានមកពីថាមពលនុយក្លេអ៊ែរ។ ដើម្បីឈានទៅសម្រេចកម្មវត្ថុអព្យាក្រិត្យកាបូន នៅឆ្នាំ២០៥០ អង់គ្លេស មានគម្រោងរក្សាភាគរយ នៃថាមពលនុយក្លេអ៊ែរនេះ ឲ្យនៅដដែល។
គួររំលឹកថា ប្រសិនបើដំណឹងនេះជាការពិត គឺវានឹងមកបន្ថែម បញ្ហាវិបត្តិការទូតមួយទៀត រវាងអង់គ្លេស និងចិន។ ក្រៅពីបញ្ហាហាមឃាត់ក្រុមហ៊ុន Huawei អង់គ្លេសបានចេញមុខរិះគន់ចិនខ្លាំង ទាក់ទិននឹងបញ្ហាហុងកុង ព្រមទាំងសំណុំរឿងរំលោភសិទ្ធិមនុស្ស នៅខេត្តស៊ីនជាំង។ ឥទ្ធិពលវាទទីរបស់ចិន មកលើសេដ្ឋកិច្ចអង់គ្លេស ត្រូវបានក្រុមអ្នកនយោបាយអភិរក្សនិយមអង់គ្លេស បរិហាជារឿយៗ ថារដ្ឋាភិបាលត្រូវតែប្រុងប្រយ័ត្ន។ កាលពីដើមខែកក្កដានេះ មានការព្រួយបារម្ភមួយទៀត ត្រូវបានគេលើកឡើង ទាក់ទិនគម្រោងទិញយកក្រុមហ៊ុនអង់គ្លេស ឈ្មោះ Newport Wafer Fab ដែលជាក្រុមហ៊ុនផលិត ឧបករណ៍សឺមីកុងឌុចទឺរ ពីសំណាក់ក្រុមហ៊ុនចិន៕
មតិយោបល់