ភ្នំពេញៈ នៅវេលាម៉ោង០២និង២០នាទី រំលងអធ្រាត្រថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើង រថយន្តកូរ៉េធុនធំដឹកផ្លែឈើមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅកៀរឡាន ដឹកសំរាមរបស់ក្រុមហ៊ុន 800 super កំពុងប្រមូលសំរាមតាមចិញ្ចើមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតត្រង់ចំណុចក្បែរសាលាសង្កាត់ព្រែកលៀប តាមបណ្ដោយផ្លូវជាតិ លេខ៦អា ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបររថយន្តដឹកសំរាមមួយគ្រឿងម៉ាក IZUZU ពណ៌បៃតង ជារថយន្តក្រុមហ៊ុន 800super ពាក់ស្លាកលេខរដ្ឋ 073-1029 ដែលបើកប្រមូលសំរាម តាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ដោយក្នុងល្បឿនយឺតៗ និងមានកម្មករប្រមូលសំរាម ដើរតាមពីក្រោយរថយន្តផងដែល ។ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េធុនធំមួយគ្រឿងទៀតម៉ាក HINO ពណ៌ស ដឹកផ្លែឈើពាក់ស្លាកលេខភ្នំពេញ 3C-6661 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ទិសដៅស្របគ្នា តាមពីក្រោយរថយន្តដឹកសំរាម ខណៈពេលនោះរថយន្តដឹកផ្លែឈើ ក៏បានរេចង្កូតជ្រុលទៅខាងស្តាំ កៀររថយន្តដឹកសំរាម បណ្តាលឲ្យរថយន្តដឹកផ្លែឈើបែកកង់ក្រឡាប់ ខ្ទាតផ្លែឈើរាយប៉ាយពេញផ្លូវ ចំណែករថយន្តដឹកសំរាម បានរងការខូចខាត ប៉ុន្តែមិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់