ព័ត៌មានជាតិ

ក្រៅពីសហរដ្ឋអាមេរិក មានប្រទេសផ្សេង​​ទៀត បាន​សន្យានឹង​​ផ្តល់​សិទ្ធិជ្រកកោន​ ដល់​ជនភៀសខ្លួន​អាហ្វហ្កានីស្ថាន

​កងទ័ព​អាមេរិក ​ដឹក​ជម្លៀសមនុស្ស ជា​ដំណាក់​កាល ដោយ​ចេញពី​ក្រុង​កាប៊ូល ទៅ​មូលដ្ឋាន​យោធា​អាមេរិក​នៅប្រទេស​ កាតារ និង​គុយវេត។ ចំណែក​ទាហានបារាំង ដឹកមនុស្ស ចេញពី​កាប៊ូល ទៅមូលដ្ឋាន​យោធាបារាំង​នៅក្រុង​ Abou Dabi មុន​នឹង​ហោះ​បន្ត​មក​ក្រុង​បារីស​។​​ យន្ត​ហោះបារាំង​​​ទី១ បាន​មកដល់​អាកាសដ្ឋាន​ Charles de Gaulle មួយ​ជើង​ហើយ នាល្ងាច​ថ្ងៃទី​១៧សីហា។​

ថ្ងៃទី​១៧សីហា​នៅ​ក្រុង​ប៊ែរឡាំង​​​ មា​នបាតុកម្ម​ មនុស្ស​ជាង​២ពាន់នាក់ បាន​​​ស្នើសុំ​​ឲ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​​ជួយ​ទទួល​ជន​ភៀសខ្លួន។​​ អធិការបតី​អាល្លឺម៉ង់ លោកស្រី មែរគិល​ ប្រកាស​បើកដៃ​ទទួល​​ជន​សុំ​សិទ្ធិ​ជ្រកកោន ជន​​ជាតិ​អាហ្វហ្កានីស្ថាន។ នៅចំពោះមុខ អាល្លឺម៉ង់ ត្រូវ​ជម្លៀស​មនុស្ស​ ប្រមាណ​ ១ ម៉ឺននាក់​ ចេញ​ពី​អាហ្វហ្កានីស្ថាន។​

ចំណែក​រដ្ឋាភិបាល​អង់គ្លេស ថ្ងៃអង្គារ៍ សន្យា​ទទួល​ជន​ភៀសខ្លួន​អាហ្វហ្កានីស្ថាន​ ចំនួន​​ ២ ម៉ឺននាក់​។ នាយករដ្ឋមន្ត្រីអង់គ្លេស​​ Boris Johnson ថា​ ជនងាយរងគ្រោះ នារីភេទ​ និងក្មេងស្រី​ ​គឺជា​​អាទិភាព​។​ ប្រទេស​កាណាដា បានសន្យា​រួចហើយកាលពីថ្ងៃសុក្រ​សប្តាហ៍​មុន​ ថា យល់​ព្រម​ទទួលជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន ​២ ម៉ឺននាក់។

បារាំងវិញ​ ដែល​មាន​ជន​ភៀសខ្លួន​អាហ្វហ្កានីស្ថាន ជាង​៨០០​​នាក់ស្រាប់ហើយ ​ប្រធានាធិបតីបារាំង ថា​ មាន​មនុស្ស​ជាង​៦០០នាក់​ទៀត ដែល​ធ្វើ​ការ​ឲ្យ​បារាំង​ ត្រូវ​ជម្លៀស​ចេញ​ពីកាប៊ូល។ ជំហរ​ទទួល​ជនភៀសខ្លួន គឺបារាំង​ ទំនងជានឹង​បើកដៃ​ទទួល​ ប៉ុន្តែ​​នៅ​មិនទាន់​បញ្ជាក់​ពី​​ចំនួន​ប៉ុន្មាន​រយឬ​ពាន់​នាក់​ទេ។​

សហរដ្ឋអាមេរិក ក្រៅពី​ទៅ​ដឹកជញ្ចូន​ដោយផ្ទាល់ ដែល​អាច​ប្រមាណ​៣ម៉ឺននាក់ ​ អាមេរិក​ក៏ស្មគ្រចិត្តទទួល​បន្ថែម អ្នក​សុំ​សិទ្ធជ្រកកោន។ យន្តការ​នេះ ត្រូវ​ធ្វើការជាមួយ​សហការជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​តាម​រយៈ​ការ​ឆ្លងកាត់​ប្រទេស​ទី២​។ ក្នុង​ន័យនេះ អាមេរិក ក៏​បាន​ស្នើទៅ​ អូហ្គង់ដា ​ប្រទេស​នៅ​អាហ្វ្រិកខាងកើត​ ឲ្យជួយ​ទទួល​ខ្លះ ហើយ​ អូហ្គង់ដា ស្ម័គ្រ​ចិត្ត​ភ្លាម​ថា​នឹង​ទទួល​ជនភៀសខ្លួនអាហ្វហ្កានីស្ថាន។

រឿង​ទទួល​ជន​ភៀសខ្លួនអាហ្វហ្កានីស្ថាន​ ថ្នាក់ដឹកនាំប្រទេស​មហាសេដ្ឋកិច្ចជឿនលឿន​ G7 នឹងជជែក​គ្នា​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​៕​

 

មតិយោបល់