(ហាណូយ)៖ មនុស្សច្រើនជាង ១០លាននាក់ ដែលកំពុងរស់នៅក្នុងទីក្រុងហូជីមិញ ត្រូវបានដាក់ឱ្យនៅក្រោម បម្រាមគោចរដ៏តឹងរ៉ឹងនៅពេលយប់ គិតចាប់ពីថ្ងៃចន្ទសប្តាហ៍តទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 ដែលកំពុងកើនឡើងយ៉ាងគំហុក។
ការកើនឡើងនៃករណីឆ្លង និងស្លាប់នៅក្នុងប្រទេសវៀតណាមគឺបង្កឡើងដោយវីរុសបម្លែងថ្មី Delta ហើយជាវិធានការទប់ស្កាត់បន្ទាន់ អាជ្ញាធរបានដាក់ចេញវិធានការរឹតត្បិតជាច្រើន ក្នុងនោះរួមមានទាំងការបិទខ្ទប់ទីក្រុងហូជីមិញ កាលពីដើមខែកក្កដា ដោយប្រជាជនត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះ តែនៅក្នុងករណីចាំបាច់ដូចជារកសេវាបន្ទាន់នានា ឬទិញម្ហូបអាហារតែប៉ុណ្ណោះ។
ក៏ប៉ុន្តែចាប់ពីថ្ងៃចន្ទសប្តាហ៍នេះតទៅ វិធានការតម្រូវឲ្យស្ថិតនៅក្នុងផ្ទះដ៏តឹងរ៉ឹង បន្ថែមនឹងត្រូវចូលជាធរមានចាប់ពីម៉ោង ៦៖០០នាទីល្ងាច រហូតដល់ម៉ោង ៦៖០០នាទីព្រឹក ដោយមិនទាន់មានការកំណត់ថា តើវានឹងត្រូវបញ្ចប់នៅពេលណានោះទេ៕
ប្រភព៖ Reuters
មតិយោបល់