ភ្នំពេញៈ ករណីជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ត្រូវម្ចាស់ការបូបនិងប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាព លួចកាបូបក្នុងនោះមានលុយសរុបជាង១០លានរៀល និងទូរស័ព្ទ០២គ្រឿងទៀត បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០១និង០០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើមានឈ្មោះ ចាន់ វាសនា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីម្ចាស់កាបូប ជាអ្នកបោះដុំអីវ៉ាន់គ្រប់ប្រភេទ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ដោះកាបូប លុយខាងលើ ដែលមានលុយខ្មែរ និងដុល្លារ សរុបជាង១០លានរៀល និងទូរស័ព្ទ០២គ្រឿងផងនោះ ពីចង្កេះរបស់គាត់ ដាក់លើធុងដែលនៅក្បែរខ្លួន យកមួកមកគ្របពីលើ ដោយរូបគាត់ជាប់រវល់ ស្របពេលនោះស្រាប់តែ មានជនសង្ស័យ ទាំង០២នាក់ខាងលើ ជិះម៉ូតូស៊េរីឆ្នាំ២០២១ មួយគ្រឿង ពាក់ស្លាកលេខ 1IQ-0671 បានឈប់រួចម្នាក់ រត់មកលួចយកកាបូបលុយ របស់គាត់ភ្លាមៗនោះ ម្ចាស់ឃើញទាន់នាំគ្នាស្រែកឆោរឡោ ដេញចាប់បានបក្ខពួកជនសង្ស័យម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ និងបន្សល់ទុកម៉ូតូខាងលើមួយគ្រឿង និងរាយការណ៍ទៅសមត្ថកិច្ច ចុះមកនាំជនសង្ស័យទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល សំរោងក្រោមតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅផ្នែកជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕
មតិយោបល់