ព័ត៌មានជាតិ

ផ្ទុះគ្រាប់ B40 មួយគ្រាប់ ស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់-ស្រាល ចំនួន០៣នាក់ នៅខេត្តបាត់ដំបង

បាត់ដំបង: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃអង្គារ១៤កើត ខែពិសាខឆ្នាំ ជូតទោស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី៥ ខែឧស ភាឆ្នាំ២០២០ វេលាម៉ោង៩និង២០នាទី មានករណីផ្ទុះគ្រាប់កាំភ្លើងប្រភេទ B40 មួយករណីដែលក្នុងនោះបានបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់-ស្រាលចំនួន០៣នាក់ នៅចំណុចអូរជ្រៅ ភូមិថ្មី ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

តាមរបាយការណ៍របស់លោកវរសេនីយ៍ឯក កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានឲ្យដឹងថា នៅព្រឹកកើតហេតុ មានប្រជាពលរដ្ឋមួយក្រុមដែលមានលំនៅដ្ឋាន ស្ថិតនៅស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ធ្វើដំណើរចូលក្នុង ព្រៃចំណុច ភូមិសាស្រ្តខាងលើ ដើម្បីរកដកផ្សិតប៉ក់ ទៅលក់ចិញ្ចឹមជីវិត ។ ក្នុងពេលវេលាដូចខាងលើ បុរសម្នាក់ឈ្មោះ លុច លីណេ ភេទប្រុស អាយុ១៥ឆ្នាំ ប្រទះឃើញគ្រាប់ កាំភ្លើងប្រភេទ B40 មួយគ្រាប់ដែលជាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាម ហើយគាត់បានយកគ្រាប់នេះទៅដំលេងនៅលើគល់ឈើនៅក្បែរនោះ ពេលកំពុងដំក៏បណ្តាលឲ្យគ្រាប់នេះផ្ទុះឡើងយ៉ាងកក្រើក ហើយបណ្តាលឲ្យស្លាប់បុរសអ្នកដំគ្រាប់នោះភ្លាមៗ នៅកន្លែងកើតហេតុ រីឯអ្នកនៅក្បែរនោះចំនួន០៣នាក់ ផ្សេងទៀតរងរបួសក្នុងនោះមាន៖ ១-ឈ្មោះ ស្រីពេជ្រ ភេទ ស្រី អាយុ១៦ ឆ្នាំ(របួស ធ្ងន់លើផ្ទៃមុខ) ។ ២-ឈ្មោះ ពិន ដាវុធ ភេទប្រុសអាយុ ២៥ឆ្នាំ (របួស ធ្ងន់ដាច់ដៃស្តាំត្រឹម កែងដៃ)
៣-ឈ្មោះ នី ប៊ុនណាត ភេទ ប្រុសអាយុ ១៤ ឆ្នាំ (របួសស្រាល ដាច់ចុងច្រមុះ បន្តិច) ។ ជនរងគ្រោះត្រូវបាននាំយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។

លោកវរសេនីយ៍ ឯក អ៊ុក សារិន មេបញ្ជាការវរ សេនាតូចនគរបាលការពារព្រំដែនគោក លេខ ៣១០ បានឲ្យដឹងថា ទីកន្លែងដែលមានករណីផ្ទុះគ្រាប់ខាងលើនេះ ស្ថិតនៅចម្ងាយប្រមាណ០៨ គីឡូម៉ែត្រ ពីប៉ុស្តិ៍នគរបាលព្រំដែនពាមតា ចំណុះវរសេនាតូចលេខ៣១០ លោកបន្តថាជាទូទៅក្នុងភូមិសាស្រ្តនេះមានប្រជាពលរដ្ឋលោកចេញចូល ប្រកបរបរចិញ្ចឹមជីវិតដោយការបេះផ្លែឈើព្រៃ ឬដកផ្សិតជាដើម ។ ដោយសារភូមិសាស្រ្តនេះ អតីតជាសមរភូមិប្រយុទ្ធពីសម័យសង្រ្គាមសំណល់ជាយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមាន នៅរាយប៉ាយច្រើនទាំងនៅលើដី និងបង្កប់ក្នុងជម្រៅដី ហើយយូរៗ ម្តងករណីគ្រោះថ្នាក់ដោយយុទ្ធភ័ណ្ឌនេះពិតជាបានកើតឡើងនិងបង្កឲ្យមាន មហន្តរាយដល់ អាយុជិវិតមនុស្សឬពិការភាពផងដែរ ៕

មតិយោបល់