ព័ត៌មានជាតិ

Update៖ រកឃើញសពហើយ! ករណីយុវជនម្នាក់បែកបាក់គ្រួសារ ទើបរៀបការថ្មោងថ្មី ក៏សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន និងផ្ញើសារផ្ដាំមិត្តភក្ដិថា…

កំពង់ចាមៈ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៤និង៤០នាទី ត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ មានយុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូ ០១គ្រឿងម៉ាក zoomer X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GA-7439 មកឈប់នៅត្រង់ចំណុចខាងលើ រួចឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោមលិចបាត់ទៅ ដោយបន្សល់ទុកនៅ៖ ១.ម៉ូតូម៉ាក zoomer X ០១គ្រឿង
២.ខ្សែកប្លាទីន ០១ខ្សែ
៣.ចិញ្ចៀនប្លាទីន ០១វង់
៤.ប្រាក់រៀល ចំនួន ៧,៥០០៛
៥.ស្បែកជើង ០១គូ ។

ក្រោយទទួលព័ត៌មានភ្លាម កម្លាំងជំនាញសហការជាមួយ កម្លាំងប្រចាំការនៅគល់ស្ពាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ។

តាមការបំភ្លឺរបស់ឈ្មោះ អៀង ប៊ុនថេង ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅ និងធ្វើជាងសំណង់នៅការដ្ឋានចិន ក្រុមហ៊ុនអគ្គិសនីកម្ពុជា ស្ថិតនៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវជាបងជីដូនមួយ និងអ្នករួមការងារជាមួយ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ីម ភារុន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាកម្មករយាមឃ្លាំងធ្វើការនៅក្រុមហ៊ុនជាមួយគ្នា មានវិបត្តិផ្លូវចិត្តបែកបាក់គ្រួសារដែលទើបរៀបការថ្មីថ្មោងបានរយៈពេលជាងបីខែ ហើយនៅថ្ងៃកើតហេតុជនរងគ្រោះបានផ្ញើសារទៅគ្រប់គ្នាថា “អហោសកម្មឲ្យខ្លួនផង” រួចទូរស័ព្ទទាក់ទងលែងបាន និងបាត់មនុស្សតែម្តង រហូតមកដល់ពេលល្ងាចទើបទទួលដំណឹងថា ជនរងគ្រោះមកលោតទឹកស្ពានសម្លាប់ខ្លួន។

សម្ភារវត្ថុតាងត្រូវបានជំនាញប្រគល់ជូនទៅឈ្មោះ អៀង ប៊ុនថេង យកទៅរក្សាទុកជាបណ្តោះអាសន្នសិនរង់ចាំគ្រួសារមកទទួលនៅពេលក្រោយ ចំណែកសាកសពជនរងគ្រោះពុំទាន់រកឃើញនោះទេ ជំនាញ និងក្រុមគ្រួសារកំពុងរុករកបន្ត។ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៧ និង ០០នាទីព្រឹក សពត្រូវបានប្រជាពលរដ្ឋអ្នកនេសាទត្រីប្រទះឃើញអណ្តែតទឹក ត្រង់ចំណុចមុខវត្តកំពង់ក្របី ភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ក៏បានចាប់អូសទាញមកដាក់អែបខាង និងរាយការណ៍មកសមត្ថកិច្ច។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ដែលពាក់ព័ន្ធ ដោយមានការចូលរួមពីលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំព្រែកអាជី បានចុះទៅទីតាំងខាងលើ ដើម្បីពិនិត្យធ្វើកោសល្យវិច័យសាកសព ជាលទ្ធផលឃើញថា សពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់