ព័ត៌មានជាតិ

របួសធ្ងន់២នាក់ត្រូវជនជាតិចិនបើករថយន្តបុកម៉ូតូពីក្រោយពេលបត់ឆ្លងផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បង្កឡើងដោយបុរសជនជាតិចិនម្នាក់បានបើកបររថយន្តម៉ាកហាយឡែនឌ័រ១គ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយម៉ូតូ១គ្រឿង ពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូទាំង២នាក់រងរបួសធ្ងន់ ចំណែកម៉ូតូនិងរថយន្តរថយន្តបានរងការខូចខាតយ៉ាងដំណំដូចគ្នា ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូម៉ាកហុងដាប៊ីតពណ៍សលាយខៀវ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1HR-3415ជិះឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវតាមចន្លោះសួនច្បារពុះចែកទ្រូងផ្លូវទៅកាន់គន្លងផ្លូវម្ខាងទៀត។

ប្រភពដដែលបានបន្តទៀតថា ហើយខណ:ពេលកំពុងតែបត់ស្រាប់តែរថយន្តម៉ាកហាយឡែនឌ័រពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AA-3221 បើកបរដោយបុរសជនជាតិចិនម្នាក់ក្នុងទិសដៅពីត្បូងទៅជើងស្របគ្នា
ក្នុងល្បឿនលឿនទៅល្មម ។ពេលនោះក៏បានបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលរងការខូចខាត ចំណែកអ្នកជិះម៉ូតូទាំង២នាក់បានរងរបួសធ្ងន់និងត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗ រីឯរថយន្តក៏បានរងការខូចខាតក្រពឹតមុខផងដែរ។

ប្រភពខាងលើបានបន្តទៀតថា ក្រោយពេលកើតហេតុនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅធ្វើការវាស់វែងនិងនាំយកមធ្យោបាយគ្រោះថ្នាក់ទាំង២ភាគីទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

 

មតិយោបល់