បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា គ្រាន់តែមានប្រុសផ្សេងឆាតនិយាយលេងជាមួយប្រពន្ធ និងលឺគេនិយាយប្រាប់ថាប្រពន្ធមានគេជិតស្តីដណ្តឹង ជនសង្ស័យម្នាក់ជាប្តីបានធ្វើសកម្មភាពប្រដាប់ដោយកាំបិត ប៉ុនប៉ងធ្វើមនុស្សឃាតដោយគម្រាមសម្លាប់ស្ត្រីរងគ្រោះជាប្រពន្ធទុកឲ្យកូនកំព្រាតែមិនបានសម្រេច ដោយមានប្រជាពលរដ្ឋក្បែរនោះឃើញ ចាប់ឃាត់ខ្លួនប្រគល់ឲ្យនគរបាលស្រុកថ្មពួក ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា៖ ជនសង្ស័យជាប្តីឈ្មោះ សឿន ច័ន្ទវិឈុន អាយុ៣១ឆ្នាំ នៅភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ឈ្លាន ផល្លា ហៅអូន អាយុ៣០ឆ្នាំ នៅភូមិកសិណ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកនាយការិយាល័យ បានឲ្យដឹងទៀតថា៖ តាមការសួរនាំជនសង្ស័យជាប្តីបានសារភាពថា ពួកគេទាំង០២នាក់ប្តីប្រពន្ធនេះ មានជាប់ចំណងស្នេហ៍និងគ្នារយៈពេលជាង១០ឆ្នាំមកហើយ មានកូនប្រុស ស្រី ចំនួន០២នាក់ ហើយមួយរយៈនេះពួកគេទាំង០២នាក់ បានបែកពីគ្នារយៈពេល០៣ខែហើយ តែមិនបានលែងលះគ្នានោះទេ ដោយស្ត្រីជាប្រពន្ធនោះមានជម្ងឺរោគស្បូន ហើយមកដេកនៅផ្ទះឪពុកម្តាយរបស់គេ ចំណែកខ្លួននៅផ្ទះឪពុកម្តាយរបស់ខ្លួននៅភូមិបឹងសុក្រម ហើយម្យ៉ាងវិញទៀតប្រពន្ធរបស់ខ្លួន(ជនរងគ្រោះ)បានឲ្យខ្លួនយកប្រពន្ធមួយទៀត តែខ្លួនមិនទាន់យក។
នៅថ្ងៃកើតហេតុខ្លួនបានផឹកស្រាស្រវឹង ហើយមានគេប្រាប់ថា ប្រពន្ធរបស់ខ្លួនមានគេប្រុងស្តីដណ្តឹង ដែលធ្វើឲ្យខ្លួនមានកំហឹងគួបនឹងជាតិស្រាចូលពោះផង ក៏ជិៈម៉ូតូកាន់កាំបិតបុ័ងតោ ពេលមកដល់ផ្ទះឃើញនាងកំពុងដេកលើអង្រឹងក្រោមផ្ទះ ដោយអំណាចប្រច័ណ្ឌផង មិនបានសួរនាំអ្វីក៏ចាប់សក់ក្បាលគម្រាមសម្លាប់ចោលឲ្យកូនកំព្រា តែត្រូវបងប្អូន និងអ្នកជិតខាងឃើញក៏មកប្រតាយប្រតប់ចាប់ដកយកកាំបិតបុ័ងតោបាន ចំណែកខ្លួនគេរបួសត្រង់ក្បាល០១កន្លែងនៅពេលប្រតាយប្រតប់គ្នានោះ ។
លោកវរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន បានបញ្ជាក់ថា៖ដោយផ្អែកលើចម្លើយសារភាព សាក្សីនៅកន្លែងកើតហេតុ និងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យឈ្មោះ សឿន ច័ន្ទវិឈុន កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកំរិតស្រាល កំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់