ព័ត៌មានអន្តរជាតិ

លោក អូបាម៉ា នឹងជួបផ្ទាល់ជាមួយលោក អាបេ និង លោកស្រី ផាក ដើម្បីពិភាក្សាបញ្ហាកូរ៉េខាងជើង

(សេអ៊ូល)៖ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះនឹងជួប ពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗនៃប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ និង ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ នៅក្នុងកិច្ចប្រជុំកំពូល នុយក្លេអ៊ែរសកល ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមការផ្សាយដោយសារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦។
កិច្ចប្រជុំខាងលើនេះ ត្រូវបានមន្ត្រីសេតវិមានអាមេរិក បង្ហើបថា នឹងលើកយកបញ្ហាក្តៅគគុកដែលបង្ក ឡើងដោយសារការសាកល្បងអាវុធប្រល័យលោក និង ការបាញ់គ្រាប់មីស៊ីលជាច្រើនលើកនៅឆ្នាំ ២០១៦ នេះពីសំណាក់ប្រទេសកូរ៉េខាងជើង បើទោះបីជាទណ្ឌកម្មជាច្រើនត្រូវបានដាក់ដោយអន្តរជាតិ ចំពោះរបបដឹកនាំទីក្រុងព្យុងយ៉ាង ខ្លាំងឡើងៗយ៉ាងណាក៏ដោយ។
គួរបញ្ជាក់ថា ការប្រកាសពីជំនួបជាមួយមេដឹកនាំកំពូលៗខាងលើនេះ បានកើតឡើងបន្ទាប់ពី សេតវិមានប្រកាសពីគម្រោងជួបពិភាក្សគ្នា រវាងលោក អូបាម៉ា និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដែលកិច្ចពិភាក្សាស្តីពីសន្តិសុខនុយក្លេអ៊ែរ និង បញ្ហាកូរ៉េខាងជើង នឹងស្ថិតនៅក្នុងរបៀបវារ:។ ដោយឡែកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខក្នុងតំបន់ គឺជាប្រធានបទនាំមុខនៃកិច្ចប្រជុំនោះ៕

  

មតិយោបល់