ព័ត៌មានជាតិ

ម៉ូតូបុកអ្នកដើរឆ្លងផ្លូវ បណ្តាលឲ្យមនុស្ស០២នាក់ ស្លាប់និងរងរបួសធ្ងន់

កណ្តាល: ថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ២០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ម៉ូតូបុកអ្នកដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់ នៅត្រង់ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ មានម៉ូតូមួយគ្រឿង ម៉ាក Honda Beat ពណ៌ស-ខៀវ ប្រភេទស្រី ពាក់ផ្លាកលេខ កណ្តាល 1 AL 0066 បើកបរដោយឈ្មោះ លី ប៊ុនហេង ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ១ ឃុំ ប្រសាទ ស្រុកស្អាង ខេត្តកណ្តាល មានអ្នករួមដំណើរម្នាក់ត្រូវជាប្រពន្ធដែលបើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ។ ពេលបើកមកដល់ ចំណុចកើតហេតុ បានបុកឈ្មោះ រុំ ណារិន ភេទស្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានកៀនស្វាយ ផ្លាហ្សារ ស្ថិតនៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណ:ឈ្មោះ រុំ ណារិន ដើរឆ្លងផ្លូវជាតិពីជើងទៅត្បូង បណ្តាលឲ្យ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ បានស្លាប់នៅមន្ទីរពេទ្យ ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យភ្នំពេញ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់