ប្រទេសហ្វីលីពីនបានបញ្ជាក់ថា ខ្លួនបានស្តារកិច្ចព្រមព្រៀងសន្តិសុខសំខាន់ជាមួយសហរដ្ឋអាមេរិកដោយប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្តូរចិត្តឈប់ផ្តាច់កិច្ចព្រមព្រៀងទស្សនកិច្ចរវាងកងកម្លាំងហ្វីលីពីននិងសហរដ្ឋអាមេរិក (VFA) កាលពីយប់ថ្ងៃព្រហស្បតិ៍។
រដ្ឋមន្ត្រីការពារប្រទេសហ្វីលីពីនលោក Delfin Lorenzana បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទកាសែតជាមួយរដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិកលោក Lloyd Austin នៅថ្ងៃសុក្រថាបន្ទាប់ពីជំនួបជាមួយលោកAustin លោក Duterteបានសម្រេចឈប់បញ្ចប់កិច្ចព្រមព្រៀង VFA ដែលបានបញ្ជូនទៅឲ្យសហរដ្ឋអាមេរិកកាលពីឆ្នាំទៅ។
លោក Lorenzana បាននិយាយថាលោកមិនប្រាកដថាហេតុអ្វីបានជាលោក Duterte ប្តួរការសម្រេចចិត្តទេក៏ប៉ុន្តែលោកគាំទ្រ។
កិច្ចព្រមព្រៀងឆ្នាំ១៩៩៨ផ្តល់សិទ្ធិស្របច្បាប់ប្តូរវេនកងទ័ពសហរដ្ឋអាមេរិករាប់ពាន់នាក់ចូលប្រទេសហ្វីលីពីនសម្រាប់សមយុទ្ធជំនួយយោធានិងមនុស្សធម៌រាប់សិបក្នុងមួយឆ្នាំៗ។
លោក Duterte បានប្រគល់លិខិតជាផ្លូវការដល់សហរដ្ឋអាមេរិកអំពីការសម្រេចចិត្តរបស់លោកលុបចោលកិច្ចព្រមព្រៀង VFA កាលពីខែកុម្ភៈឆ្នាំ២០២០បន្ទាប់ពីគំរាមម្តងហើយម្តងទៀតបន្ថយសម្ព័ន្ធភាពយោធារវាងប្រទេសទាំង២។ក្រោយមកលោកបានបន្តកិច្ចព្រមព្រៀង VFA រហូតដល់ខែធ្នូឆ្នាំ២០២១។
នៅពេលបញ្ចប់កិច្ចព្រមព្រៀងនោះ លោក Duterteបាននិយាយថាលោកចូលចិត្តទំនាក់ទំនងជាមួយប្រទេសចិននិងរុស្ស៊ីជាងជាមួយសហរដ្ឋអាមេរិក។អ្នកនាំពាក្យរបស់លោកបាននិយាយថាមូលហេតុចំពោះការបញ្ចប់កិច្ចព្រមព្រៀង VFA នោះគឺដើម្បីអនុញ្ញាតឲ្យយោធាហ្វីលីពីនមានឯករាជ្យភាពកាន់តែខ្លាំងឡើង។
ពួកអ្នកវិភាគនិយាយថាការណ៍ដែលប្រទេសហ្វីលីពីនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកចូលក្នុងប្រទេសវិញធ្វើឲ្យអាមេរិកអាចឆ្លើយតបបានឆាប់រហ័សដល់ការគំរាមកំហែងពីប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង។ពួកគេក៏និយាយដែរថាវាក៏ជួយឲ្យសហរដ្ឋអាមេរិកធ្វើការកាន់តែប្រសើរឡើងនូវការប្រឆាំងភេរវកម្មនិងការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់នៅក្នុងតំបន់។
លោកAustinបាននិយាយទៀតថាការទាមទាររបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងសមុទ្រចិនខាងត្បូងបានរំលោភអធិបតេយ្យភាពនិងសិទ្ធិដ៏សំខាន់របស់ប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍៕
មតិយោបល់