បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ទំនងស្រវឹងស្រា បើកម៉ូតូសណ្តោងរទេះដឹកទឹកសុទ្ធ លឿនជ្រុលទៅបុកង្គោលស្លាកសញ្ញាយីហោ គោយន្តគុយបូតា នៅខាងស្តាំផ្លូវស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១៧ និង៥០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រៅទីប្រជុំជន លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំនុចខាងលិចស្ពានបុស្សរ៉ូ ចំងាយប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ច បានប្រាប់ឲ្យថា ជនរងគ្រោះឈ្មោះ ឈឿន ចក់ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិទេពកោសារ ឃុំរហាល ស្រុកព្រះនេត្រព្រះ ។ សមត្ថកិច្ច បានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ បានធ្វើដំណើរបើកបរម៉ូតូសណ្តោងរទេះដឹកទឹកសុទ្ធ គ្មានស្លាកលេខ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន សង្ស័យស្រវឹងម៉ូតូក៏បានជ្រុលទៅបុកប៉ះបង្គោលស្លាកសញ្ញាយីហោ គោយន្តគុយបូតានៅខាងស្តាំបណ្តាលឲ្យបត់កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) ។
ក្រោយពីធ្វើការវាស់វែងរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់