ព័ត៌មានជាតិ

អភិបាលស្រុកស្ទោងសហការជាមួយមន្ទីរបស្សុព្យាបាលសត្វចុះចាក់វ៉ាក់សាំងការពារ

កំពង់ធំៈ លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង សហការជាមួយលោក ម៉ក់ យុទ្ធនា អនុប្រធានមន្ទីកសិកម្មខេត្តកំពង់ធំ ចុះចាក់វ៉ាក់សាំងគោដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិ ក្រសាំងជ្រុំជើង ឃុំសព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ និងត្រូវបានចុះយុទ្ធនាការចាក់វ៉ាក់សាំងចំនួន ៣ឃុំ គឺឃុំប្រឡាយ ឃុំ ពពក និងឃុំ សព្រោជ ស្រុកស្ទោង ដើម្បីការពារសត្វពាហនៈរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់មេរោគឡើងមកតាមទឹកជំនន់ ។

លោក ម៉ក់ យុទ្ធនា អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ទទួលបន្ទុកផលិតកម្មបស្សុព្យាបាលសត្វ បានឲ្យដឹងថា ដោយយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងដល់សត្វពាហនៈ គឺត្រូវបានអនុវត្តជារៀងរាល់ឆ្នាំ ខណៈពេលដែលឈានចូលដល់រដូវវស្សា ដើម្បីទប់ស្កាត់ការរាតល្បាតជំងឺឆ្លងដល់សត្វគោ ក្របីរបស់ប្រជាពលរដ្ឋ តាមការចង្អុលបង្ហាញរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និងជាការយកចិត្តទុកដាក់របស់លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ដោយឡែកការចុះចាក់វ៉ាកសាំងនេះ ជំហ៊ានដំបូងគឺត្រូវបានប្រើប្រាស់ថ្នាំសម្រាប់ការពារជំងឺសារទឹក ដែលជាជំងឺងាយនឹងឆ្លងតាមទឹកជំនន់ ហើយនិងបន្ត ការចាក់វ៉ាក់សាំងការពារជំងឺបូសខ្យល់ និងជំងឺអុតក្តាម ក្នុងរយៈពេលចុះអនុវត្តវិធានការចាក់វ៉ាកសាំងនៅភូមិ សព្រោជចំនួន ១៥៣ក្បាល និងសរុបទាំង៣ឃុំបានជាងពាន់ក្បាល។

លោក ព្រឹម រដ្ឋា អភិបាលស្រុកស្ទោង បានយកចិត្តទុកដាក់ចំពោះជីវភាពរបស់ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកកន្លងមក ជាពិសេសក្នុងរដូវវស្សានេះ លោកបានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ដែលចិញ្ចឹមសត្វពាហនៈ ឲ្យនាំយកសត្វរបស់ខ្លួនមកចាក់វ៉ាក់សាំងការពារជំងឺឲ្យបានទាន់ពេលវេលា ដោយមានពេទ្យសត្វ ប្រចាំភូមិចាំទទួលបំរើសេវាកម្មជូនបងប្អូន ដើម្បីបញ្ជ្រៀសជំងឺមកតាមទឹកជំនន់ និងសំណូមពរឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយស្ទឹងស្ទោង និងតាមទីកន្លែងផ្សេងៗ ឲ្យមានការប្រុងប្រយ័ត្នចំពោះកូនចៅ និងសត្វចិញ្ចឹម ដែលអាចនិងមានគ្រោះថ្នាក់ដោយសារទឹកបាន៕

photo_2016-08-16_21-09-12photo_2016-08-16_21-09-15photo_2016-08-16_21-09-19photo_2016-08-16_21-09-22photo_2016-08-16_21-09-25

មតិយោបល់