សៀមរាបៈ នៅស្រុកជីក្រែង បទល្មើសនេសាទបានកើនឡើង ភ្លើងឆ្នុករាប់រយឆ្នុក ក្នុងរដូវបិទនេសាទ តែពុំត្រូវបានសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ មានវិធានការទប់ស្កាត់ និងហាមឃាត់នោះឡើយ ខណៈពេលដែលរាជរដ្ឋាភិបាល បានកំណត់បិទនេសាទ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ ព្រោះរដូវនេះគឺជារដូវត្រីពងកូន ។
ភ្លើងអំពូលឆ្នុកដែលជាបទល្មើសនេសាទ និងត្រូវបានហាមឃាត់ដាច់ខាត ក្នុងការនេសាទដោយខុសច្បាប់ ដើម្បីប្រមូលត្រីចម្រុះទាំងតូចធំ យកមកកិនឲ្យកូនត្រីឆ្តោរ និងក្រពើជាអាហារ បានកើតឡើងពេញបន្ទុក ដោយពុំមានការរំខានដល់លោក ញឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ បទល្មើសឆ្នុកទាំងនេះត្រូវបាន គេប្រទះឃើញដាក់នៅចំនុច រហាលលកកោះត្រែង និងកោះអញ្ចាញស្ថិតនៅតំបន់មាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា បទល្មើសដាក់ឆ្នុកនេះ ដោយប្រើអំពូលភ្លើងសម្រាប់ទាក់ទាញត្រីឲ្យមកស៊ីសត្វមមៀច សុទ្ធតែប្រជាពលរដ្ឋរស់នៅក្នុងភូមិមាត់ខ្លា ឃុំអន្លង់សំណរ ជាពិសេសជនជាតិវៀតណាម កូនត្រីដែលសេសសល់ពួកគេដឹកយកទៅលក់នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រសិនបើគេទិញមិនអស់ កូនត្រីដែលសេសសល់ត្រូវបានចាក់ចោលទៅក្នុងបឹងទន្លេសាប ។
លោក ញឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ មិនអាចសុំការបំភ្លឺបានទេប្រហែល លោកកំពុងតែបំពេញកាតព្វកិច្ចនៅតំបន់អត់សេវា រីឯលោក ស៊ិន គក់ មន្រ្តីឧទ្យានុរក្ស និងបរិស្ថាន តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប ស្នាក់ការស្ទឹងជ្រៅ បានដឹកនាំបង្រ្កាបបទល្មើសនេសាទ ក្នុងបឹងទន្លេសាបភូមិសាស្ត្រខេត្តសៀមរាបបានបង្រ្កាបបទល្មើសនេសាទប្រើប្រាស់ឧបករណ៍ឆ្នុកអុចអំពូលចំនួន៤ករណីដកហូតបានសាច់ឆ្នុកក្រឡា៤សង់ទីម៉ែត្រ ឧបករណ៍បទល្មើសនេសាទទាំងនេះ ត្រូវបានបញ្ជូនទៅមន្ទីរបរិស្ថាន ខេត្តសៀមរាប៕
មតិយោបល់