ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ស្លាកលេខខេមរភូមិន្ទបុក បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ ហេតុការខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ មហាវិថី ឈ្នះ ឈ្នះ ចំណុចផ្លូវបំបែកជាបួន ភូមិស្រែតេជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជាជនរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1ID-4440 ដែលបើកបរពីកើតទៅលិច នៅចំណុចផ្លូវបំបែកជាបួនខាងលើ រហូតមកដល់ចំកើតហេតុ ស្រាប់តែមានរថយន្ត Lexus 400h ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 2-9954 ដែលបើកបរក្នុងទិសដៅ ពីជើងទៅត្បូង ស្រាប់តែបុកម៉ូតូជនរងគ្រោះ យ៉ាងពេញទំហឹង បណ្តាលឲ្យដួលចំណែកមនុស្សរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះវាស់វែងរួចរាយការណ៍ ទៅផ្នែកជំនាញ របស់ស្នងការដ្ឋានរាជធានីភ្នំពេញ យកទៅរក្សាទុក ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់