ត្បូងឃ្មុំៈ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលា៦និង៥២នាទីបានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍មៀន ថាមានករណីមនុស្សលង់ទឹក ស្លាប់នៅចំណុចអូស្រះក្រញ៉ាញ់ខាងជើងភូមិស្វាយពក (ចំងាយ ១០០០ម៉ែត្រ) ឃុំមៀនស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន តំណាងលោកមេឃុំ លោកមេភូមិ និងគ្រូពេទ្យមណ្ឌល ចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសព មានឈ្មោះ ស៊ុយ ឧត្តម ភេទប្រុស អាយុ០៥ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ ។
ផ្អែកតាមការពិនិត្យរបស់គ្រូពេទ្យ បានបញ្ជាក់ថា សាកសព ពិតជាស្លាប់ដោយសារលង់ទឹកពិតមែន ។
ផ្អែកតាមការពិនិត្យតាមលក្ខណ:បច្ចេកទេស សាកសពពុំមានស្លាកស្នាមអ្វីគួអោយកត់សំគាល់អ្វីឡើយ ។
ផ្អែកតាមការបំភ្លឺរបស់ឈ្មោះស៊ីម ស៊ីថា អាយុ៤០ឆ្នាំ ត្រូវជាឪពុករបស់សាកសព បានបំភ្លឺប្រាប់សមត្ថកិច្ចអោយដឹងថា កូនរបស់គាត់ឈ្មោះ ស៊ុយ ឧត្តម តែងតែតាមគាត់ទៅមើលគោជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃកើតហេតុនេះកូនរបស់គាត់ក៏តាមទៅដូចសព្វដង រហូតដល់ម៉ោង៣រសៀល គាត់បានយកគោទៅលាងនៅក្នុងអូ ពេលលាងរួចស្រាប់តែបាត់កូនរបស់គាត់ ហើយគាត់ក៏ទៅរកនៅផ្ទះក្រែងកូនគាត់ដើរមកផ្ទះមុន ពេលដល់ផ្ទះមិនឃើញក៏បានផ្អើលឆោឡោហៅអ្នកភូមិអោយជួយរកក្នុងទឹកអូរ ក៏រកឃើញកូនរបស់គាត់លង់ទឹកស្លាប់នៅចំណុចខាងលើនោះ ។
គាត់បានបញ្ជាក់ទៀតថាកូនរបស់គាត់ពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតមែន ពុំមានពាក់ព័ន្ធករណីឃាតកម្មឡើយ។
សាកសពក្រោយពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់