ព័ត៌មានជាតិ

ព្រឹកស្អែក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ អាយុក្រោម ១៨ ឆ្នាំ

នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ អាយុក្រោម ១៨ ឆ្នាំ ដែលយុទ្ធនាការចាក់វ៉ាក់សាំងនេះ ប្រារព្ធធ្វើនាបរិវេណវិមានសន្តិភាព។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ អាយុក្រោម ១៨ ឆ្នាំ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលត្រូវចាក់ជូនកុមារ និងយុវវ័យផងដែរ។
សូមជម្រាបថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់អាយុ ក្រោម ១៨ ឆ្នាំ សំដៅទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ក្នុងចំណោមកុមារ-យុវវ័យ ព្រមទាំងកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ ឬការបាត់បង់ជីវិត ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ មិនមែនជាការសម្រេចចិត្តដោយចៃដន្យនោះទេ ព្រោះក្រៅពីគុណប្រយោជន៍ដែលទទួលបាន គឺរាជរដ្ឋាភិបាលបានតាមដានយ៉ាងយកចិត្តទូកដាក់ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលកំពុងត្រូវបាន និងគ្រោងអនុវត្ត នៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក ដូចជា ចិន,សហរដ្ឋអាមេរិក ,បណ្តាប្រទេសនៅទ្វីបអុឺរ៉ុប ដូចជា អង់គ្លេស និងបារាំង និងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ដូចជា ជប៉ុន,ហុងកុង ,សិង្ហបុរី,ឥណ្ឌូណេស៊ី,និងហ្វីលីពីន ជាដើម។

មតិយោបល់