ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍ បើកប្រជែងវេរកន្ទុយបុកម៉ូតូ បណ្តាលឲ្យមនុស្ស០៣នាក់ របួសធ្ងន់ស្រាល

កណ្តាលៈ នៅថ្ងៃច័ន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩និង ០៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយករណីនៅ រវាងរថយន្តនិងម៉ូតូ បណ្តាលអោយមនុស្សរបួស០៣នាក់ ធ្ងន់០២នាក់ ស្រាលម្នាក់ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ៤៧-៤៨ ចំណុចភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌លឿង ប្រភេទក្រឡុកស៊ីម៉ងត៍ ពាក់ផ្លាកលេខ.ភ្នំពេញ 5A-1227 បើកបរដោយឈ្មោះ ថា ឌីណា ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល រត់គេចខ្លួន ដែលបើកដឹកបេតុងពីភ្នំពេញទៅអ្នកលឿងតាមផ្លូវជាតិលេខ១ ។ ខណៈពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបើកជែងរថយន្តមួយគ្រឿងទៀត បណ្តាលអោយវេរកន្ទុយ ទៅបុកម៉ូតូម៉ាក HONDA DREAM ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង1H-8300 បើកបរដោយឈ្មោះ ជួន ភេទប្រុស អាយុ២៥ឆ្នាំ និងឌុបប្រពន្ធ ឈ្មោះ វង្ស នាង អាយុ២៣ ឆ្នាំ និងកូនម្នាក់ឈ្មោះ ជួន ជាតិ ភេទប្រុស អាយុ២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង០៣នាក់នេះ មានទីលំនៅភូមិអំពិល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលបើកមាន ទិសដៅផ្ទុយគ្នា ហើយរថយន្តនោះ បានក្រឡាប់ បណ្តាលអោយរងរបួសធ្ងន់ អ្នកបើកម៉ូតូឈ្មោះ ជូន និងប្រពន្ធ ចំណែកកូនរបួសស្រាល ។ ជនរងរបួស ត្រូវបានដឹកបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យភ្នំពេញ និងមធ្យោបាយសម្ភារៈ សមត្ថកិច្ចវាស់វែងយកវត្ថុតាងមករក្សាទុក ជាបណ្តោះអាសន្ន ដើម្បីបន្តចាត់ការ តាមនីតិវិធីច្បាប់ ។

ករណីនេះ បណ្តាលមកពីអ្នកបើកបររថយន្ត បើកមានល្បឿនលឿន ហើយប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕

មតិយោបល់