ព័ត៌មានជាតិ

ជនប្រើសារធាតុញៀនម្នាក់​ ដើរបង្កអុកឡុកពលរដ្ឋក្នុងភូមិស្ទើររាល់ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ មានករណីបុរសម្នាក់ ជាមនុស្សប្រើសារធាតុ ញៀនលើសកម្រិត និងធ្លាប់ជាប់មណ្ឌលកែប្រែជាច្រើនលើកមិនកែខ្លួន បានដើរអុកឡុកអ្នកភូមិ និងព្រះសង្ឃក្នុងវត្ត បង្កការភ្ញាក់ផ្អើល កើតឡើង ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចមុខវត្តចាស់ផ្លូវមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនបង្កមានឈ្មោះ នុត ស៊ីថា អាយុ៣៧ឆ្នាំ មុខរបរនិងស្នាក់មិនពិតប្រាកដ និងមានម្តាយចាស់ជរាម្នាក់ អាយុជាង៧០ឆ្នាំ ជាមនុស្សពិការ កាយសម្បទា មិនប្រក្រតី ត្រចៀកថ្លង់ និងខូចជើងខាងឆ្វេងម្ខាង រស់នៅតែលតោលគ្មានទីជម្រក ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ និងព្រះសង្ឃដែលគង់នៅ ក្នុងវត្តកើតហេតុ បានរៀបរាប់ប្រាប់ពីទុក្ខកង្វល់ថា បុរសបង្កហេតុខាងលើនេះ ជាមនុស្សប្រើសារធាតុញៀនលើសកម្រិត ហើយតែងតែដើរមកបង្កអុកឡុកដល់ពួកគាត់ ស្ទើរតែរៀងរាល់ថ្ងៃ ។ លុះពេលជននោះ ប្រើសារធាតុញៀន ធ្វើទុក្ខម្តងៗ វង្វេងស្មារតី កាន់កាំបិតមករកកាប់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ រួមទាំងព្រះសង្ឃគង់នៅក្នុងវត្ត បង្កការភ័យខ្លាចស្ទើររាល់ថ្ងៃ ។

កន្លងមកសមត្ថកិច្ចធ្លាប់ឃាត់ខ្លួនបុរសនោះ យកទៅដាក់មណ្ឌលកែប្រែ ច្រើនលើកច្រើនសាមកហើយ តែបុរសនោះនៅតែ មិនកែខ្លួនដដែល ។ ហើយនៅយប់កើតហេតុបុរសនោះ បានចូលមកក្នុងភូមិ ហើយនៅក្នុងដៃមានកាន់កាំបិត និងស្រែកគំរាម រកដុតផ្ទះ ប្រជាពលរដ្ឋចោលថែមទៀត ។ ដោយអត់ទ្រាំមិនបាន ប្រជាពលរដ្ឋក៏នាំគ្នាព្រួតវាយម្នាក់ មួយដៃមួយជើង បណ្តាលឲ្យ រងរបួសបែកក្បាល និងចាប់ចងជាប់ និងបង្គោលភ្លើង ប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ ។

ក្រោយពេលកើតហេតុ បុរសបង្កហេតុខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួន ទៅកាន់អធិកាដ្ឋានខណ្ឌជ្រោយចង្វា ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់