ព័ត៌មានជាតិ

ភ្នាក់ងារក្រុមហ៊ុន យូនីស៊ីធី Unicity Make Life Better ២នាក់ ជាប់អន្ទាក់សមត្ថកិច្ចក្រោយ ម្ចាស់បំណុល និងជនរងគ្រោះប្ដឹង

កំពង់ស្ពឺៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីឆបោកតាមរបៀបចាស់ ជាន់ដាន ប៉ុន្ដែដោយសារតែទេពកោសល្យនៃថ្វីមាត់ការបញ្ចុះបញ្ចូលពីសំណាក់ភ្នាក់ងារ ដ៏មានទំនុកចិត្ដ គួបផ្សំនិងការ ប្រើប្រាស់នូវសម្ភារៈនិយមស៊ីវិល័យ កត្ដាចិត្ដសាស្រ្ដជម្រុញអូសទាញអំពីបញ្ហាសុខភាពនៃមនុស្សម្នាក់ៗ បណ្ដែតបណ្ដោយផ្ដល់ឱកាសឱ្យជនរងគ្រោះធ្លាក់ក្នុងឧបាយកល កលល្បិចនៃចារី(ភ្នាក់ងារឆបោកជាប្រព័ន្ធ)។

ដោយបានចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង ទទួលផែនការងារសន្ដិសុខ និងបានការសម្របសម្រួលនីតិវិធីពី លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ សមត្ថកិច្ចនគរបាល ការិយាល័យសន្ដិសុខផ្ទៃក្នុង បានសហការឃាត់ខ្លួន ជនសង្ស័យ ២នាក់ អះអាងថា ជាភ្នាក់ងារ តំណាងចែកចាយរបស់ក្រុមហ៊ុន យូនី សុធី Unicity Make Life Better ប្រចាំខេត្ដកំពង់ស្ពឺ៖
១-ឈ្មោះ វ៉ិត សុខរឺន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន យូនីស៊ីធី មានទីលំនៅភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
២-ឈ្មោះ ជា ប៊ីន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន យូនីស៊ីធី មានទីលំនៅ ភូមិក្រាំងពង្រ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។
សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅ អយ្យការចាត់ការនីតិវិធីបន្ដ ។

អង្គហេតុ ដែលនាំឱ្យម្ចាស់បំណុលនិងជនរងគ្រោះ ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចអោយជួយផ្ដល់ ភាពយុត្ដិធម៌ជូនពួកគាត់ដោយសារតែ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ជនទាំងពីរនាក់ខាងលើបានអះអាងថា គាត់ជាបុគ្គលិកក្រុមហ៊ុន យូនីស៊ីធី លក់ឱសថអាហារបំប៉នសុខភាព ដែលមានគុណភាព និងការទទួលបានភាពជឿជាក់ពីមនុស្សរាប់លាននាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ដោយការផ្ដល់ជូននៅការណែនាំប្រឹក្សាយោបល់ពី សំណាក់អ្នកជំនាញ(វេជ្ជសាស្រ្ដ)មកពីបរទេស និងមានវេជ្ជបណ្ឌិតល្បីៗ ដែលបានបញ្ចប់ថ្នាក់បណ្ឌិតលើផ្នែកសុខភាពរាង្គកាយមនុស្ស ព្យាបាលជំងឺដោយប្រើឱសថអាហារបំប៉នសុខភាពញ៉ាំចូលទៅខាងក្នុងព្យាបាលជួសជុលសិរីរាង្គផ្នែកខាងក្នុងប្រកបដោយភាពជោគជ័យ១០០% ដោយមិនចាំបាច់ការព្យាបាលជំងឺដោយការចាក់ថ្នាំ ព្យួរសេរ៉ូម បន្ថែមពីនោះពួកគេបានបញ្ចុះបញ្ចូលឱ្យអតិថិជន របស់ពួកគេយល់ និងទទួលយកនូវគំនិតវិភាគ នៃអាការៈជំងឺជឿជាក់ឥតកែប្រែដោយការធានានិង លើកយកឧទាហរណ៍ជាក់ស្ដែងពីមនុស្សណាម្នាក់ ដែលធ្លាប់ឈឺរាប់ខែឆ្នាំហើយបានធូរស្បើយ បន្ទាប់ពីបានប្រើប្រាស់នូវឱសថអាហារបំប៉នសុខភាពរបស់ក្រុមហ៊ុនគេ មួយរយៈពេលខ្លីដើម្បីយកមកធ្វើ ជាទេវតាប្រែធាតុ បន្លំភ្នែក ផ្ដល់ក្ដីសង្ឃឹមសម្រាប់អតិថិជនថ្មីរបស់ពួកគេ បន្ដបន្ទាប់ទៀត។

បន្ទាប់ពីការជឿជាក់មកពួកគេបានព្យាយាមអូសទាញអោយអតិថិជនប្រើប្រាស់ផលិតផលដោយបានប្រាក់ចំណេញមកវិញ និងមានឱកាសរកប្រាក់ចំណូលបានមកពីការឃោសនាលក់ផលិតផល របស់ក្រុមហ៊ុនគេបន្ដ ផ្លាស់ប្ដូរឋានៈពី អ្នកប្រើប្រាស់ធម្មតាទៅជាភ្នាក់ងារចែកចាយកម្រិតបឋម និងអ្នកខ្លះក្លាយជា ប្រធានផ្នែកគ្រប់គ្រងតំបន់ ក៏មាន ដោយការយកប្រាក់សុទ្ធមកធ្វើការទិញកញ្ចប់វិនិយោគជាមួយក្រុមហ៊ុន ជាក់ស្ដែងម្ចាស់បំណុលជាជនរងគ្រោះ ត្រូវបានតំណាងភ្នាក់ងារទាំងពីរនា ក់ខាងលើរួមជាមួយបក្ខពួក ៤នាក់ផ្សេងទៀត ណែនាំឱ្យទិញកញ្ចប់តម្លៃ ២៥,០០០ ដុល្លាអាមេរិក ដោយសន្យាផ្ដល់ភាគលាភ ក្នុងមួយខែ ចំនួន ៣,០០០ ដុល្លាអាមេរិក និងទទួលបានកាតមាសពីក្រុមហ៊ុនសម្រាប់ការបំពេញការងារនឹងទៅថៃ្ងអនាគត ចូលនិវត្ដន៍ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីរ ១,៥០០ ដុល្លាអាមេរិក ទៅ ៣,៥០០ ដុល្លាអាមេរិក មានឱកាសទៅបរទេស ដើរលេងតាមទ្វីបអរ៉ុប និងអាស៊ី ។ ល។ ក្រោយពីការពន្យល់រួច ម្ចាស់បំណុលជាជនរងគ្រោះបានយល់ព្រម ប៉ុន្ដែមិនមានប្រាក់គ្រប់ចំនួន ពួកគេបានបង្គាប់ឱ្យជនរងគ្រោះយកទ្រព្យផ្ទាល់ខ្លួនទៅដាក់បញ្ចាំយក ប្រាក់ ដោយបានណែនាំទីផ្សាទទួលបញ្ចាំឯកជនងាយឆាប់រហ័សមិនចាំបាច់រត់ការស្មុគស្មាញយូរឡើយ និងបានធានាថា ក្នុងករណីខែដំបូងក្រុមហ៊ុនជួយចេញថ្លៃការប្រាក់ចំនួន ០២ខែ ។

ក្រោយពីទទួលបានប្រាក់ដល់ដៃពួកគេហើយ គឺគេចខ្លួនជារៀងរហូតមិនមានអ្វីដូចការសន្យាគ្រា ដំបូងគឺចេះតែសន្យារកលេសនេះលេសនោះថា ក្រុមហ៊ុនកំពុងតែចាត់ចែងនាំអតិថិជនទៅក្រៅប្រទេស និងកំពុងនាំផលិតផលថ្មីចូលមកទៀត « កុំភ័យថវិកាមិនបាត់បង់ទេ »៕

#ស្នើសុំឱ្យពលរដ្ឋដែលជួបបញ្ហាដូចខាងលើ សូមមេត្ដាបញ្ឍប់ជាបន្ទាន់កុំឱ្យលង់ចាញ់កលល្បិចក្រុមនេះបន្ដ
#ស្នើថាបើមានរឿងរ៉ាវដូចក្នុងករណីខាងលើ សូមអញ្ញើញមកដាក់ពាក្យបណ្ដឹងដើម្បីសមត្ថកិច្ចជួយ
ផ្ដល់យុត្ដិធម៌ជូន

មតិយោបល់