ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាប ឃាត់ខ្លួនមនុស្ស ៥នាក់ និងដកហូតវត្ថុតាងមួយចំនួន ករណីភ្នាល់ទឹកភ្លៀង

បាត់ដំបងៈ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៣និង១៤នាទី អនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់ពីលោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានចាត់តាំងលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុង ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង) ចំនួន ០២ចំណុចគឺនៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង និងចំណុចក្នុងព្រលានយន្តហោះ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបាននាំខ្លួនអ្នកប្រព្រឹត្តចំនួន ០៥នាក់ រួមទាំងរថយន្ត និងសម្ភារៈពាក់ព័ន្ធមួយចំនួន មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន៖
-ទូរស័ព្ទដៃចំនួន ០៧គ្រឿង
-វិទ្យុទាក់ទងចំនួន ០៥គ្រឿង
-រថយន្តចំនួន ០៣គ្រឿង។

សូមជម្រាបជូនថា ករណីល្បែងភ្នាល់ទឹកភ្លៀងនេះកន្លងទៅសមត្ថកិច្ចធ្លាប់ បានធ្វើការបង្រ្កាបជារឿយៗ ហើយថែមទាំងបានឃាត់ខ្លួនអ្នកប្រ
ព្រឹត្តបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងអនុវត្តតាមច្បាប់ទៀតផង តែអ្នកប្រព្រឹត្តមួយចំនួនមិនបានបោះបង់នោះទេ ក្នុងនោះពួកគាត់បានផ្លាស់ប្តូររូបភាពពីការប្រមូលផ្តុំគ្នាច្រើនៗទៅជារូបភាពតូចៗ នៅតាមទីវាលស្រែឆ្ងាយឬទីឆ្ងាយស្រឡះ ដើម្បីមើលមេឃ និងបានឃើញជាមុនក្នុងករណីពេលមានការចុះបង្រ្កាបពីសំណាក់សមត្ថកិច្ច។

បើទោះបីជាបែបនេះក្តីសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោក សាត គឹមសាន ជាស្នងការ បន្តដឹកនាំជម្រុញដាក់វិធានការគ្រប់ពេលដល់ផែនជំនាញ និងអធិការដ្ឋាននគរបាលក្រុងស្រុក ឱ្យធ្វើការបង្រ្កាបគ្រប់អំពើល្មើសច្បាប់នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលក្នុងនោះរួមមានទាំងល្បែងស៊ីសងគ្រប់ប្រភេទរួមទាំងល្បែងភ្នាល់ទឹកភ្លៀងនេះជាដើមផង។

អ្នកប្រព្រឹត្តល្បែងភ្នាល់ទឹកភ្លៀងទាំង ០៥នាក់ ព្រមទាំងសម្ភារៈភស្តុតាងផង ការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

មតិយោបល់