ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​ ប្រកាសថា​នឹង​កាត់​បន្ថយ​វិធានការ​រឹត​ត្បិត ចំពោះ​ពលរដ្ឋ​​ដែល​ទទួល​វ៉ាក់សាំង​ទាំង​ ២ដូសរួច​ហើយ

ម៉ាឡេស៊ី ​បាន​ដាក់ប្រទេស​ក្នុង​ភាព​អាសន្នជាតិ​ ៦ខែ ទើប​នឹង​ផុត​កំណត់។ តាំងពី​ផ្ទុះ​រោគ​កូវីដ និង​តាំងពី​​បិទ​ប្រទេស​ជិត​ឈឹង​ ពីខែមិថុនា សេដ្ឋកិច្ចពាណិជ្ជកម្ម​របស់​​ម៉ាឡេស៊ី​ជួបការលំបាក​ខ្លាំង។​ តាម​របាយការណ៍​ផ្លូវការ, ​ថ្ងៃ​​អាទិត្យ ទី​៨សីហា ម៉ាឡេស៊ី​ ចាក់​ថ្នាំ​បង្ការ​កូវីដ ចំនួន​ ៤០ម៉ឺននាក់​​ ។ ក្នុង​ចំណោមប្រជាជន​ ៣៣លាននាក់ គឺមាន​ជាង ​៨លាននាក់ហើយ ដែល​បាន​ទទួល​ថ្នាំ​បង្ការ​គ្រប់​ចំនួន​ទាំង​ពីរ​លើក។​​

ពេលនេះ ​ក្នុង​ចំណោម​រដ្ឋ​ទាំង​១៣ របស់សហព័ន្ធ​ម៉ាឡេស៊ី​ គឺ​មានប្រជាជនភាគ​ច្រើន ​ ក្នុង​​រដ្ឋចំនួន​​៨ ដែល​ទទួល​បាន​​វ៉ាក់​សាំង​កូវីដ​ គ្រប់ទាំង​២ដូស​ គឺ​នឹង​ត្រូវអនុញ្ញាត​ អាចឲ្យ​​មាន​សេរីភាព ចេញ​ដើរ ហាត់​ប្រាណ និង​ផ្លាស់​ទី​ ពីខេត្តមួយ​ ទៅ​ខេត្ត​មួយ​បាន។​ ហាង​ពាណិជ្ជកម្ម និង​ហាង​បាយ អាច​ផ្តើម​បើក​វិញ​ ជា​បណ្តើរៗ​ហើយ។​

«នេះក៏ដោយសារតែប្រជា​​ពលរដ្ឋ​បា​នទទួល​ថ្នាំបង្ការកូវីដ​រួច​ហើយ។ ល្បឿន​ឆ្លង​ថយចុះ ហើយទម្ងន់បន្ទុក​​លើ​សុខភាព​សាធារណៈ ​អាច​នឹង​ត្រូវ​ធូរស្រាល​បន្តិច»។ នេះបើតាម​ប្រសាសន៍​របស់​លោកនាយករដ្ឋមន្ត្រី មូយីដឌីន យ៉ាស៊ីន (Muhyiddin Yassin) ដែ​ល​បាន​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បន្ថែម​ថា «យើង​នឹង​បើក​តំបន់​សេដ្ឋកិច្ច​ឡើងវិញ មួយ​ជំហានម្តងៗ​។ យើង​នឹង​ដើរ​ចេញ​ពី​វិបត្តិកូវីដ តែ​យើង​ត្រូវតែ​វិន័យ​និងចាត់ចែង​ឲ្យ​បាន​​ច្បាស់លាស់។»

ចំពោះ​អ្នក​វិភាគ​ស្ថានការណ៍​, អ្នក​កាន់អំណាចម៉ាឡេស៊ី​ ​ធ្វើ​ដូច្នេះ ទំនង​ជា​ចង់​រំងាប់ចិត្ត​របស់​បាតុករ​ប្រឆាំង ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​​ម៉ាឡេស៊ី​ចុះ​ចេញ​ពី​តំណែង​ ព្រោះតែ​ដោះស្រាយ​កូវីដ​មិន​បាន​ល្អ​ ហើយ​និង​មាន​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង។​

ជាក់ស្តែង ទោះបី​ជា​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​​ ថានឹង​​បន្ធូរ​បន្ថយ​វិធានការ​រឹតត្បិត​បន្តិច​ក្តី ហើយ​ការ​ឆ្លង​ថយចុះបន្តិចមែន​ ក៏ប៉ុន្តែ​ ចំនួនឆ្លង និងចំនួន​មនុស្ស​​ស្លាប់ គឺ​​​មានកម្រិត​​ច្រើន​នៅឡើយ។ ក្នុងមួយថ្ងៃៗ​ ​​ក្រុង Kuala Lumpur និង​ក្រុង​សេដ្ឋកិច្ច​ធំៗផ្សេងទៀត​ មាន​ករណី​ឆ្លង​ចំនួន​រាប់ពាន់នាក់​។​ ​នៅទូទាំងប្រទេស ​ករណីឆ្លង​ថ្មី ចំនួនយ៉ាងហោច​​ ២ម៉ឺននាក់ ក្នុង​មួយថ្ងៃៗ។ ២៤ម៉ោង​ ថ្ងៃអាទិត្យ​ ទី៨សីហា ជំងឺ​កូវីដ​សម្លាប់​ពលរដ្ឋ​ម៉ាឡេស៊ី ៣៦០នាក់​ ដែល​ធ្វើឲ្យ​​អ្នក​ស្លាប់​ដោយកូវីដ​នៅម៉ាឡេស៊ី កើនដល់ ជាង ​១ម៉ឺន ​៧រយ នាក់​៕​

មតិយោបល់