ព័ត៌មានជាតិ

បុរសប្រមឹកម្នាក់ប្រើចបកាប់វាយជនរងគ្រោះ រហូតដល់ស្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ នៅថ្ងៃទី០៨ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង១៣ និង១៥នាទី នៅចំណុចភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំងយោបល់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាល ស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកនគរយុត្តិធម៌ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលកកោះ ធ្វើការឃាត់ខ្លួនឈ្មោះ ឡី លី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចកធំ ឃុំកកោះ ស្រុកមោង ឫស្សី ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុក ក្នុងករណី (ឃាតកម្ម ) ប្រើចបកាប់វាយទៅលើជនរងគ្រោះ រហូតដល់បាត់បង់ជីវិត ។

សូមជម្រាបជូនថា កាលពីវេលាម៉ោង ១២និង ១០ នាទី ក្នុងថ្ងៃកើតហេតុនេះ នៅចំណុចទួលច្រាបត្រកោ ក្រុមទី០១ ភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីឃាតកម្ម មួយបានកើតឡើង ដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ឡី លី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិចកធំ ឃុំកកោះ បានផឹកស្រាស្រវឹង ប្រដាប់ដោយចបកាប់ បានវាយនិងកាប់ទៅ លើជនរងគ្រោះឈ្មោះ វ៉ាន់ ប្រឹក្សា ហៅ ញេស ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិចកធំ ឃុំ កកោះ ស្រុកមោងឫស្សី បណ្តាលឱ្យ ជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ដោយមិនមានអ្នកជិតខាងណា បានឃើញក្នុងពេលកើតហេតុនោះទេ ។

លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានឱ្យដឹងថា នៅក្រោយពេលកើតហេតុ ទើបសមត្ថកិច្ចនគរបាល ទទួលបានព័ត៌មាននេះ ហើយឆ្លងតាមរយៈការស្រាវជ្រាវបឋម សមត្ថកិច្ចកំណត់បានមុខសញ្ញានេះ និងសម្រេចឃាត់ខ្លួនតែម្តង ដោយក្នុងនោះមានទាំងចបកាប់ដងឈើ ដែលជាមធ្យោបាយធ្វើសកម្មភាពផង ត្រូវបានដកហូត ។

លោកអធិការបញ្ជាក់ថា ជនសង័្សយខាងលើ បានឆ្លើយសារភាព អំពីសកម្មភាពរបស់គាត់ ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះ ហើយមូលហេតុដែលឈានដល់ការប្រព្រឹត្តបែបនេះ ជនសង័្សយបានចោទប្រកាន់ថា ជនរងគ្រោះបានចាប់រំលោភ ប្រពន្ធរបស់គាត់ចំនួន០៧លើកមកហើយ ។

លោកអធិការបន្តថា តាមអ្វីដែលលោកស្រាវជ្រាវឃើញថា ជនសង័្សយនេះ គឺប្រពន្ធរបស់គាត់បានចាកចេញពីរូបគាត់ ប្រហែល មួយឆ្នាំកន្លងមកហើយ ដោយសាររូបគាត់ជាមនុស្សស្រវឹងខួប ដូច្នេះពាក្យសំដីរបស់គាត់ ដែលចោទប្រកាន់លើជនរងគ្រោះនោះ គឺជារឿងដែលមិនសមហេតុ សមផលទាល់តែសោះ ហើយអ្វីដែលជាការវាយតម្លៃ សន្និដ្ឋានរបស់សមត្ថកិច្ចនោះ គឺដោយសារភាព ស្រវឹងខួបនេះហើយដែលនាំបង្កឱ្យជនសង័្សយ ប្រព្រឹត្តសកម្មភាពល្មើសនេះ ។

ពេលនេះនគរបាលស្រុក បានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង័្សយនិងវត្ថុតាងខាងលើ មកកាន់ការិយាល័យជំនាញអនុវត្ត តាមផ្លូវច្បាប់ រីឯសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ក្រោយពេលធ្វើការពិនិត្យ ស្លាកស្នាមរួចមក ៕

មតិយោបល់